(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន ២៦ បណ្តឹង ដែលសុទ្ធសឹងតែជាពាក្យបណ្ដឹងតវ៉ា ដោយឡែកនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបានពាក្យបណ្ដឹងណាមួយឡើយ។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២១ មាន៣ដំណាក់កាល រួមមាន៖
*ការដាក់ ការទទួលពាក្យបណ្តឹងនៅ កបឃ.ស មានរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការដោះស្រាយពាក្យបណ្តឹងមានរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
*ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ កបឃ.ស និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
*ការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ គ.ជ.ប និងការដោះស្រាយពាក្យបណ្តឹង រយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង៕