(ភ្នំពេញ)៖ លោកស្រី អាម៉ាន់ដា មីលលីង (Amanda Milling) រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៉ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បានថ្លែងថា កម្ពុជានឹងក្លាយជាដៃគូដ៏សំខាន់ របស់ចក្រភពអង់គ្លេស នៅឆ្នាំ២០២២នេះ។
គេហទំព័ររបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានផ្សាយថា លោកស្រី អាម៉ាន់ដា មីលលីង បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធ ស្របពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។
«កម្ពុជានឹងក្លាយជាដៃគូដ៏សំខាន់សម្រាប់ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០២២ ស្របពេលដែលយើងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ ជាមួយមិត្តភក្តិអាស៊ានរបស់យើងផងដែរនោះ»។ នេះជាការស្រង់សម្តីលោកស្រី អាម៉ាន់ដា មីលលីង ដោយគេហទំព័ររដ្ឋាភិបាលចក្រភពអង់គ្លេស។
លោកស្រីបន្តថា «ការមកដល់រាជធានីភ្នំពេញ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំឆ្នាំនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញទំនាក់ទំនង និងធ្វើការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ មួយចំនួនក្នុងតំបន់ រួមមាន ការស្តារឡើងវិញពីជំងឺកូវីដ១៩ ការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងការប្រែប្រួលអាកាសធាតុជាដើម»។
លោកស្រី គឺជារដ្ឋមន្ត្រីទី១ មកពីប្រទេសជាដៃគូសន្ទនាអាស៊ាន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីកម្ពុជា ទទួលបានតំណែងជាប្រធានអាស៊ាន ពីប្រទេសព្រុយណេ តាំងពីដើមខែមករា ឆ្នាំ២០២២ ក៏ដូចជាចាប់តាំងពីចក្រភពអង់គ្លេស ទទួលបានឋានៈជាដៃគូសន្ទនាអាស៊ាន ក្នុងឆ្នាំ២០២១។
រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ដែរថា លោកស្រី អាម៉ាន់ដា មីលលីង បានជួបជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រេសិតពិសេសថ្មី របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ លើបញ្ហាប្រឈម និងការធ្វើការរួមគ្នា ដើម្បីបន្តទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងអាស៊ានទាំងមូល។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តយ៉ាងមុតមាំ គាំទ្រកម្ពុជារៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២នេះ ដែលការប្រកាសនេះ បានធ្វើឡើងតាមរយៈលោកស្រី អាម៉ាន់ដា មីលលីង ក្នុងឱកាសជួបពិភាក្សាជាមួយ លោក ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះ «សម្ព័ន្ធមហាសមុទ្រសកលលោក» ដែលដឹកនាំដោយចក្រភពអង់គ្លេស និងការចូលរួមនៅក្នុង «ការរួបរួមមហិច្ឆតាខ្ពស់សម្រាប់ធម្មជាតិ និងមនុស្សជាតិ»៕