(កណ្តាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកាគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានគូសបញ្ជាក់ថា ការអភិវឌ្ឍនានាក្នុងភូមិឃុំ មានដូចជាសាលារៀន វត្តអារាម ស្ពាន ថ្នល់ ខ្វាត់ខ្វែងក្នុងភូមិ ឃុំ ជាពិសេសក្នុងស្រុកលើកដែក ខេត្តកណ្តាល ដូចដែលប្រជាពលរដ្ឋទទួលបានសព្វថ្ងៃនេះ គឺមិនអាចកើតមានបាននោះទេ បើប្រទេសយើងស្ថិតក្នុងភ្នក់ភ្លើងសង្រ្គាម គ្មានសន្តិភាពពេញលេញនោះ។
ការលើកឡើងបែបនេះ របស់លោកស្រីបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ដោយមានការចូលរួមពីលោក អ៊ុក ដាមរី តំណាងរាស្រ្តមណ្ឌលកណ្តាល, លោក ហួត វុទ្ធី ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំសណ្តារ ព្រមទាំងអភិបាលស្រុកលើកដែក សមាជិក សមាជិកា គណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ ប្រមាណ១៧០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសណ្តារ។
គួរគត់សម្គាល់ថា អង្គសន្និបាតបានរៀបចំឡើងស្របពេលដែលប្រជាជនកម្ពុជាទាំងមូលបាននិងកំពុងចូល រួមអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២២។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានរំលឹកពីពេលវេលាមកទល់សព្វថ្ងៃដែលមានរយៈពេលជាង៤៣ឆ្នាំកន្លងមកហើយ ដែលគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចមហាពញាចក្រី ហេង សំរិន និងឥស្សរជនជាថ្នាក់ដឹកនាំកំពូលជាច្រើនទៀត បានរួបរួមគ្នារំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានដឹកនាំ ការពារកសាង ប្រទេសពីបាតដៃទទេ រហូតយើងទទួលបាន នូវអ្វីៗគ្រប់បែបយ៉ាងនាពេលនេះ។
លោកស្រីបានបន្តទៀតថា ដំណើរការសន្តិភាវូបនីយកម្ម តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលរាំរ៉ៃ បង្កើតបានសុខសន្តិភាព នៅទូទាំងផ្ទៃប្រទេស ឈានឆ្ពោះទៅរកភាពរីកចំរើន និងអភិវឌ្ឍន៍ ហើយក៏បានអរគុណសន្តិភាពដែលប្រជាជាតិកម្ពុជាកំពុងតែទទួលបានជាមួយនឹងភាពសប្បាយរីករាយនាពេលនេះ។
ជាមួយនឹងតម្លៃសន្តិភាពដ៏មានតម្លៃពុំអាចកាត់ថ្លៃនេះបាន លោកស្រីក៏បានសម្តែងនូវអំណរទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋក្នុងគ្រប់ភូមិ ឃុំ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការទប់ស្កាត់នូវឧបាយកលទុច្ចរិកនានាដែលប៉ុនប៉ងបង្កភាពចលាចល អសុវត្ថិភាព ហើយបានរួមគ្នាការពារថែរក្សាសុខសន្តិភាព សុវត្ថិភាព បានយ៉ាងល្អខ្ជាប់ខ្ជួន។
ទន្ទឹមនឹងនេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបញ្ជាក់ជូនដោយសង្ខេបពីសភាពការណ៍ពិភពលោកក្នុងពេលបច្ចុប្បន្នដែលមានភាពស្មុគស្មាញ និងកំពុងវិវត្តប្រប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងមិនអាចទាយទុកមុនបាន ជាពិសេសការកើនឡើងនូវនយោបាយឯកតោភាគីនិយម និងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានជម្រាបជូនអង្គពិធីអំពីលទ្ធផលការងារដែលរាជរដ្ឋាភិបាល ក៏ដូចជាសភាកម្ពុជា បាននឹងកំពុងដឹកនាំធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោកប្រកបដោយភាពជោគជ័យ។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ថា ទោះបីប្រទេសយើងតូច តែយើងមាន សិទ្ធិ ដោយស្មើមុខស្មើមាត់ដូចប្រទេសធំៗ ជឿនលឿនលើសកលលោកដែរ ក្នុងការចូលរួមធ្វើសេចក្តីសម្រេចកិច្ចការសំខាន់ៗរបស់តំបន់ និងសកលលោក។ ដោយឡែកក្នុងក្របខ័ណ្ឌតំបន់អាស៊ាន នៅឆ្នាំ២០២២ ប្រទេសយើងត្រូវបានធ្វើជាប្រធានប្តូរវេនលើកទី៣ ក្នុងក្របខ័ណ្ឌសកលលោក យើងបានចូលរួម ឬធ្លាប់ធ្វើជាប្រធានក្នុងសន្និសិទ្ធកិច្ចប្រជុំកំពូល ឬវេទិកាសំខាន់ៗ ដែលពិភពលោកបានរៀបចំ ហើយថ្មីៗកន្លងទៅ យើងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅលើទឹកដីដ៏ពិសិទ្ធិរបស់យើង និងនៅខែកុម្ភៈខាងមុខនេះ គណៈប្រតិភូសភា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលឆ្នាំ២០២២ របស់សហព័ន្ធសន្តិភាពសកល នៅសាធារណរដ្ឋកូរ៉េ។
ពាក់ព័ន្ធនឹងវិបត្តិកូវីត១៩ ដែលកំពុងបន្តកើតមានមិនឈប់ឈរ លោកស្រីបានសង្កត់ធ្ងន់ថា ប្រទេសជាច្រើនលើសកលលោកមិនទាន់ទាន់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួននូវចំនួនស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោកនៅឡើយទេ។ ដោយឡែក ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់លើសុខមាលភាពប្រជាពលរដ្ឋ សម្រេចបានការចាក់វ៉ាក់សាំងចំនួន ៨៩,៣៦% ធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ ទើបអាចធ្វើឱ្យយើងវិលរកការរស់នៅជាបណ្តើរៗឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។ ទនឹ្ទមនឹងការយកចិត្តទុកដាក់ខ្ពស់លើអាយុជីវិតប្រជាពលរដ្ឋកម្ពុជា រាជរដ្ឋាភិបាលក៏បានពង្រឹងសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយខ្លឹមសារ និងអត្ថន័យដែលបានផ្តោតនូវសារៈសំខាន់នៃថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលសបញ្ជាក់ពីសកម្មភាពតស៊ូក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ដោយបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត។ អត្ថន័យដ៏ជ្រាលជ្រៅក្នុងសារលិខិតនោះក៏បានបញ្ជាក់ពីការសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម រហូតដល់ទទួលបានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យមកទល់បច្ចុប្បន្ន។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបន្ថែមថា សន្តិភាពដែលយើងមានពេលនេះគឺមិនសាមញ្ញពេកទេ ដោយហេតុថាភាពវឹកវរ ចលាចល ឬសង្រ្គាម អាចកើតឡើងបានគ្រប់ពេលវេលា បើសិនជាការដឹកនាំផ្នែកនយោបាយធ្វើអោយមានកំហុស។ ជាក់ស្តែង លោកជំទាវ ឃួន សុដារី បានលើកឡើងថា បើតាមការពិនិត្យឃើញដោយការចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋផ្ទាល់គ្រប់កាលៈទេសៈ ឃើញថាប្រជាពលរដ្ឋគ្រប់ស្រទាប់មានទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា និងចូលរួមយ៉ាងសស្រាក់សស្រាំរាល់ទុក្ខលំបាក និងភាពសប្បាយរីករាយនានា។
លោកលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានក្រើនរំលឹកនូវវិធានការបង្កាការឆ្លងនៃជំងឺកូវីដ១៩ «៣កុំ និង៣ការពារ» ដើម្បីរួមចំណែកកាត់បន្ថយការឆ្លង ការចូលសម្រាកពេទ្យ និងអត្រាមរណៈ។ ជាមួយគ្នានេះដែរលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានធ្វើការណែនាំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំឱ្យបន្តបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រមូលកត់ត្រាទុកនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងចងក្រងជាគំនិតក្នុងការបំផុសចេញជាគោលនយោបាយ និងផែនការអភិវឌ្ឍ៕