(ភ្នំពេញ)៖ លោក នៅ ឌឹម មេឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងតំណែងជាមេឃុំរយៈពេល៤អាណត្តិកន្លងទៅនេះ រូបលោកបានដកស្មៀនឃុំអស់៣រូប ព្រោះតែធ្វើឱ្យរាំងស្ទះដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងឃុំ។
លោក នៅ ឌឹម ជាមេឃុំគំរូមួយរូបក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋនៅក្នុងឃុំវល្លិសរ។ ព្រោះតែភាពលិចធ្លោលើការងារបម្រើប្រជាពលរដ្ឋ ក៏ដូចជាការកសាង និងអភិវឌ្ឍឃុំធ្វើឱ្យលោក នៅ ឌឹម ត្រូវបានគណបក្សប្រជាជនកម្ពុជាជ្រើសតាំងជាបេក្ខភាពមេឃុំវល្លិសរ ៤អាណត្តិមកហើយ ហើយតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។
តបនឹងសំណើរបស់អ្នកព័ត៌មានឱ្យចែករំលែកបទពិសោធន៍ក្នុងការដឹកនាំឃុំនៅក្នុងសន្និសីទព័ត៌មានស្តីពីវឌ្ឍនភាពឃុំ សង្កាត់ ក្នុងខេត្តកំពង់ស្ពឺរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក នៅ ឌឹម បានលើកឡើងថា ការធ្វើឱ្យប្រជាពលរដ្ឋពេញចិត្ត គឺការប្រឹងប្រែងកសាងអភិវឌ្ឍនៅក្នុងឃុំ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
លោក នៅ ឌឹម បានអះអាងបែបនេះ «ការបម្រើប្រជាពលរដ្ឋត្រូវធ្វើម៉េចឱ្យបានរហ័សលឿនបំផុតកៀកកិតនឹងប្រជាពលរដ្ឋចង់បានតែប៉ុណ្ណឹងទេ។ [...] ការផ្តល់សេវានេះ វាមានលក្ខណៈច្រើនណាស់ប្រជាពលរដ្ឋគាត់មករខេករខាក ក្នុងនាមយើងជាមេឃុំ ជាក្រុមប្រឹក្សា ជាស្មៀន មិនបានស្វាគមន៍គាត់ទេ ខ្លះយូរបន្តិចក៏ថ្នាំងថ្នាក់ដែរ»។
លោកមេឃុំមកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានចែករំលែកទៀតថា «អ៊ីចឹងធ្វើមេឃុំ ធ្វើក្រុមប្រឹក្សាឃុំ ធ្វើស្មៀនត្រូវតែមានការបត់បែនតាមគាត់ទាំងអស់បានទៅរួច ហើយបើយើងរឹងកំព្រឹស តាមម៉ោង តាមពេល ម៉ោង៧ ម៉ោង៨ចូល ហើយម៉ោង១១ចេញ ម៉ោង២ចូល ម៉ោង៥ចេញទេ អត់ទាញសន្លឹកឆ្នោតបានទេ អត់ទាញទឹកចិត្តគាត់បានទេ។ ធ្វើមេឃុំទាល់តែឱនក្រាបជាមួយគាត់ហ្មង ខ្ញុំអត់ដឹងថាចាស់ ឬទុំទេ តែប្រជាពលរដ្ឋទាំងអស់ភាគច្រើនហៅខ្ញុំតែឪៗ ចំណាស់ប៉ុន្មានក៏ហៅឪដែរ»។
នៅពេលរំលឹកដល់ការងារផ្តល់សេវាជូនប្រជាពលរដ្ឋនេះ លោក នៅ ឌឹម ក៏បានរលឹកដល់ការរាំងស្ទះការងារមួយចំនួន ដោយសារស្មៀនឃុំ ហើយធ្វើឱ្យរូបលោកស្នើដកស្មៀនឃុំអស់៣រូបមកហើយ។
ស្មៀនឃុំ សង្កាត់ មានតួនាទីភារកិច្ចដ៏សំខាន់នៅរដ្ឋបាលឃុំ សង្កាត់ ហើយជាពិសេសស្មៀនត្រូវបានផ្តល់ភារកិច្ចឱ្យកាន់ត្រាឃុំ សង្កាត់ ដើម្បីបោះនៅលើលិខិតស្នាមផ្សេងៗរបស់រដ្ឋបាលឃុំ សង្កាត់ ដែលជាយន្តការមួយ ដើម្បីធានាដល់តុល្យភាព និងភាពស្អាតស្អំនៅរដ្ឋបាលឃុំ សង្កាត់។
លោក នៅ ឌឹម បានអះអាងថា លោកបានជួបការលំបាកលើការផ្តល់សេវាជូនប្រជាពលរដ្ឋ ព្រោះតែពេលខ្លះត្រូវរង់ចាំត្រាពីស្មៀនក្នុងការបោះលើលិខិតស្នាមនានារបស់ប្រជាពលរដ្ឋ។
បើតាមលោក នៅ ឌឹម បច្ចុប្បន្នបញ្ហានេះ មិនមានទៀតទេ ដោយសារតែរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ខេត្តឱ្យមានសិទ្ធិផ្លាស់ប្តូរស្មៀន ដូច្នេះស្មៀន ក៏បានផ្លាស់ប្តូរឥរិយាបថ និងបានយកចិត្តទុកដាក់លើការងារភារកិច្ចរបស់ខ្លួនផងដែរ៕