(ភ្នំពេញ)៖ លោក ឆាត រីឆាតសុន (Richardson) បុរសជនជាតិអាមេរិកកាំងសញ្ជាតិខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានចេញវីដេអូគាំទ្រដំណើរបំពេញទស្សនកិច្ចដោយផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយនាំយកគំរូនយោបាយឈ្នះឈ្នះ ដែលកម្ពុជាបិទបញ្ចប់សង្គ្រាមស៊ីវិល ចែករំលែកដល់ប្រទេសជាមិត្តនេះ ហើយទទួលបានលទ្ធផលវិសេសវិសាល។
តាមរយៈវីដេអូសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក ឆាត រីឆាតសុន បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង សម្រាប់ការចូលរួមបង្កើតសន្តិភាពនៅប្រទេសមីយ៉ាន់ របស់សម្តេចតេជោ ហ៊ុន សែន។ លោកបានចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ល្អ និងជាមេដឹកនាំដែលធ្វើជាគំរូដ៏ល្អសម្រាប់ប្រទេសផ្សេងៗទៀត។
លោក ឆាត រីឆាតសុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គ្មាននរណាល្អដូច សម្តេចតេជោ ហ៊ុន សែន ដើម្បីចុះទៅជួបជុំ ហើយជួយធ្វើជាគំរូខាងនយោបាយដល់ ប្រទេសមីយ៉ាន់ម៉ា ហើយខ្ញុំសប្បាយចិត្តចៃដន្យក្នុងឆ្នាំ២០២២នេះ គាត់ធ្វើជាប្រធានអាស៊ាន អញ្ចឹងខ្ញុំសប្បាយចិត្ត ហើយខ្ញុំសូមជូនពរឱ្យគាត់បានជោគជ័យ ក្នុងតួនាទី និងការងាររបស់គាត់ ហើយអ្នកដទៃយើងកុំទៅប្រឆាំង យើងស្ងៀមសិន យើងមើលឱ្យគាត់ធ្វើការ ហើយយើងជួយពង្រឹងដល់គាត់ ដើម្បីឱ្យគាត់មានកម្លាំងដើម្បីបង្កើតមិត្តភាព និងសេចក្តីស្រឡាញ់គ្នាទៅវិញទៅមក រវាងប្រជាជននៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យក្លាយជាប្រទេសមួយដែលមានសន្តិភាពឡើងវិញ តាមគំរូរបស់ប្រទេសខ្មែរយើង តាមគំរូរបស់សម្តេចតេជោ ហ៊ុន សែន ហើយតាមគំរូនយោបាយឈ្នះឈ្នះ ហើយយើងនាំគ្នាជួយពង្រឹងដល់កម្លាំងរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យគាត់ធ្វើការងារដ៏សំខាន់នេះ ដើម្បីឱ្យមានសេចក្តីស្រឡាញ់គ្នាទៅវិញទៅមកនៅក្នុងប្រទេស ហើយពិសេសនៅលើផែនដីយើង»។
បុរសជនជាតិអាមេរិកកាំង សញ្ជាតិខ្មែររូបនេះ សូមជូនពរឱ្យសម្តេចបានជោគជ័យ ក្នុងតួនាទី និងការងារ ហើយសូមអំពាវនាវដល់សាធារណមតិទាំងអស់ ជួយផ្តល់កម្លាំងចិត្តដល់សម្តេចដើម្បីបង្កើតមិត្តភាព និងសេចក្តីស្រឡាញ់គ្នាទៅវិញទៅមក រវាងប្រជាជននៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យក្លាយជាប្រទេសមួយដែលមានសន្តិភាពឡើងវិញ តាមគំរូរបស់ប្រទេសខ្មែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបភាពវឹកវរ កាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។ បើតាមសេចក្តីប្រកាសរួមរបស់កម្ពុជា-មីយ៉ាន់ម៉ា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាបានឱ្យដឹងថា នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកបានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕
ខាងក្រោមនេះជាវីដេអូជាការលើកឡើងទាំងស្រុងរបស់ លោក Richardson៖