(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយក្រុមសប្បុរសជន ដែលបានចូលរួម បរិច្ចាគថវិកាជួយសាងសង់អគារមន្ទីរពេទ្យតេជោសែនកោះធំ ដែលដឹកនាំដោយលោក Elder Peter F. Meurs និងក្រុមការងារទទួលបន្ទុកការងារសាងសង់ រួមទាំងភាគី ពាក់ព័ន្ធមួយចំនួនទៀត នៅទីស្តីការក្រសួង។
ជំនួបពិភាក្សាការងារនេះបានធ្វើឡើងនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដោយផ្តោតជាសំខាន់លើការរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងមន្ទីរពេទ្យតេជោ សែន កោះធំ, ការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រឱ្យមានស្តង់ដារខ្ពស់ខ្នាតអន្តរជាតិ ដើម្បីផ្តល់ទំនុកចិត្តលើការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋស្រុកកោះធំ និងកិច្ចសហការរវាងមន្ទីរពេទ្យតេជោសែន កោះធំ និងមន្ទីរពេទ្យកាល់ម៉ែតទាក់ទងនឹងការបណ្តុះបណ្តាលជំនាញ។
លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា មន្ទីរពេទ្យតេជោសែនកោះធំ មិនត្រឹមតែជាមន្ទីរពេទ្យមានលក្ខណៈទំនើប និងស្រស់ស្អាត ប៉ុណ្ណោះទេ ប៉ុន្តែជាមន្ទីរពេទ្យដែលអាចផ្ដល់សេវាថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈ និងអាចផ្តល់ទំនុកចិត្តខ្ពស់ជូនប្រជាពលរដ្ឋ។ លោកក៏បានណែនាំឱ្យភាគីពាក់ព័ន្ធជួប ប្រជុំឱ្យបានទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងនេះ ឱ្យបានជាប់ជាប្រចាំដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។
ជាមួយនោះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងបន្តធ្វើឱ្យប្រសើរឡើងដល់មណ្ឌលសុខភាពស្រុកកោះធំ ខេត្តកណ្តាល ដើម្បីលើកកម្ពស់ការថែទាំសុខភាព របស់អ្នកស្រុកកោះធំ ដែលមានតម្រូវការចាំបាច់លើផ្នែកសេវាថែទាំសុខភាពបឋម និងការសង្គ្រោះបន្ទាន់ ក៏ដូចជាដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីក ចម្រើនថែមទៀត។
គួរកត់សម្គាល់ផងដែរថា គម្រោងសាងសង់មន្ទីរពេទ្យតេជោ សែន កោះធំ ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល មានទំហំផ្ទៃអគារសរុប ១២,៥៤៤.៤ ម៉ែត្រការ៉េ អាចផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក ខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ត្រូវបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕