(ភ្នំពេញ)៖ នាវេលាល្ងាចម៉ោង ៥ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦នេះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជា ប្រចាំខណ្ឌមានជ័យ បានដឹកនាំក្រុមមន្ត្រីក្រោមឱវាទ នាំយកអំណោយសម្តេចកតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ស្ត្រីម្នាក់ ដែលត្រូវស្លាប់មួយជំហៀងខ្លួនដោយសារជម្ងឺលើសឈាម ហើយកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ រួមទាំងមានកូនស្រី០២នាក់ជាបន្ទុកទៀតផងដែរ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ស្ត្រីខាងលើនេះមានឈ្មោះ សោម រស្មី មានវ័យជាង៣៨ឆ្នាំ។ គាត់បានធ្លាក់ខ្លួនស្លាប់មួយជំហៀងខ្លួន ដោយសារជម្ងឺលើសឈាមនេះ អស់រយះពេលជាង ១ឆ្នាំមកហើយ ហើយក្រោយពេលកើតជម្ងឺនេះ រួចមកជីវភាពក្នុងគ្រួសារ កាន់តែចុះក្រខ្សត់ឡើង ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះបច្ចុប្បន្ននេះគាត់ ជាបង្គោលក្នុងគ្រួសារ ដែលមានកូនស្រីធំៗ២នាក់ជាបន្ទុកផងដែរ បន្ទាប់ពីគាត់ និងអតីតប្តីលែងលះគ្នា អស់ជាច្រើនឆ្នាំកន្លងមកហើយ ។
ក្នុងឱកាសខាងលើនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍ សម្តែងនូវទឹកចិត្តអាណិតអាសូរ យ៉ាងពន់ពេកបំផុត សម្រាប់ក្រុមគ្រួសារបងស្រីខាងលើ ដែលជីវភាពកំពុងមានភាពទីទ័លទៅហើយ នៅមានជម្ងឺអប្រិយចង្រៃតាមមកយីយា ធ្វើអោយការលំបាកក្នុងជីវភាព កាន់តែពិបាកកើនឡើងស្ទើររកពាក្យ ថ្លែងមិនត្រូវ។
លោកអភិបាលរងបន្តថា ទោះបីជាបងស្ថិតក្នុងជីវភាពបែបនេះក៏ដោយ ក្នុងនាមជាអាជ្ញាធរ ដែលគេស្គាល់ថាជាមាតាបិតា របស់ប្រជាជននោះ យើងមិនបណ្តែតបណ្តោយអោយប្រជារាស្ត្ររបស់យើង ត្រូវរស់នៅក្នុងជីវិតលំបាកបែបនេះ រហូតដល់ជរាស្លាប់ឡើយ គឺយើងមានកាតព្វកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់បងប្អូន គ្រប់ពេល ។ ហើយការជួយនៅពេលនេះ មិនមែនជាការមើលឃើញនូវទុក្ខលំបាក របស់បងប្អូនតែមួយពេលនោះទេ គឺចាប់ផ្តើមពីថ្ងៃដែលអាជ្ញាធរយើង ដឹងលឺថាបងប្អូនជួបការលំបាកនេះ តទៅថ្ងៃមុខជារៀងរហូត។
លោកអភិបាលរង បានមានប្រសាសន៍ថា៖ មនុស្សជាទូទៅ គ្មានអ្នកណាដែលកើតមកគ្មានជម្ងឺកើត មកជាប់ខ្លួននោះទេ គឺត្រូវតែប្រឈមមុខជាមួយវាជានិច្ច ប៉ុន្តែទន្ទឹមនឹងនោះសុំអោយបងប្អូន ត្រូវថែទាំអនាម័យសុខភាព របស់ខ្លួនអោយបានល្អបំផុត ពោលគឺត្រូវរស់នៅស្អាត ហូបស្អាត។ បងស្រីមិនត្រូវអស់សង្ឈឹម នឹងជីវិតរបស់ខ្លួនឯងឡើយ មិនថាខ្លួនកើតមកក្រ ផ្ទុកជម្ងឺអេដស៍នោះទេ ឬជាក់ស្តែងមានជម្ងឺដូចពេលនេះឡើយ គឺត្រូវតែមានទំនុកចិត្ត រស់នៅលើវិថីនៃជីវិតរបស់ខ្លួន ព្រោះយើងនៅមានមនុស្សជាច្រើន ដែលនៅស្រលាញ់រាប់អានយើងជានិច្ច ជាពិសេសគឺ កាកកបាទក្រហមកម្ពុជា តែម្តង ដែលមានសម្តេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ជាប្រធាន ដែលជានិច្ចជាកាល លោកតែងតែក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទ អោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជន មានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកតិ្តព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា៕
អំណោយដែលត្រូវចែកជូន រួមមាន : អង្ករ១ប៉ាវស្មើរ៣០គីឡូក្រាម. មី១កេស. ទឹកសុទ្ធ១កេស. ទឹកក្រូច១កេស. ត្រីខ១យួរ ស្មើរ១២កំប៉ុង និងថវិការចំនួន១៥ម៉ឺនរៀលផងដែរ ។ សូមបញ្ជាក់ថា ដោយមើលឃើញនូវការលំបាករបស់ បងស្ត្រីខាងលើដែលមានកូនស្រី២នាក់ ជាបន្ទុក ដោយបច្ចុប្បន្នម្នាក់កំពុងរៀនថ្នាក់ទី៣ និងម្នាក់ទៀតរៀនថ្នាក់ទី៥ នោះ លោកឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឧបត្ថម្ភថវិការ ដល់កូនទាំង២នាក់ក្នុង ១ខែ ចំនួន១០ម៉ឺនរៀល រហូតដល់បងស្រីអាចមានអាការះវិលមករកសភាពដើមពីជម្ងឺវិញ ៕