(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី (Tina Redshaw) ទីណា រ៉េតសូ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងបានចុះកិច្ចព្រមព្រៀងគម្រោងកម្មវិធីរវាងអង្គការ Care for Children ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារនិងកិច្ចការពារជាពិសេស សម្រាប់កុមារ ដើម្បីរស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវវិធានការជាច្រើន រួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ។ពិធីនេះប្រារព្វឡើងនៅទីស្តីការក្រសួងសង្គមកិច្ចនាព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វង សូត បានជម្រាបជូន លោកស្រី ឯកអគ្គរាជទូតអង់គ្លេសថាក្រសួងដែលមាននាយកដ្ឋានសុខុមាលភាពកុមារ ជាសេនាធិការបានចូលរួមអនុវត្តផែនការយុទ្ធសុទ្ធសាស្ត និងកម្មវិធីពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារនៅកម្ពុជា នាពេលកន្លងមក សម្រេច បានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច បានអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ និងបទដ្ឋានអប្បបរមា ស្តីពីការថែទាំ ជំនួស និងរបបគោលនយោបាយ ចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈ មណ្ឌលរបស់រដ្ឋ ដោយបានដំឡើងប្រាក់ម្ហូបអាហារពី ៤៥០០០៛/ខែ ទៅ ១៥០.០០០៛/ខែ និងលិខិតបទដ្ឋាន គតិយុត្តផ្សេងៗទៀត។
ទន្ទឹមនឹងនេះ ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពនៃ ការគ្រប់គ្រងទិន្នន័យ ក្រសួងបានបង្កើតប្រព័ន្នន័យអធិការកិច្ចកន្លែងថែទាំកុមារ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យា (ឌីជីថល) និងបង្កើតប្រព័ន្ធគ្រប់គ្រងករណីកុមារតាមប្រព័ន្ធបច្ចេកវិទ្យា Primero ដោយបានបណ្តុះបណ្តាល យ៉ាងទូលាយទូលាយ ដល់មន្ត្រីទទួលបន្ទុក នៅតាមមន្ទីរសង្គមកិច្ចរាជធានី ខេត្ត។
លោកស្រី (Tina Redshaw) ទីណា រ៉េតសូ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងអំណរគុណ រដ្ឋមន្ត្រី វង សូត ដែលបានសហការគាំទ្រនាពេលកន្លងមក។
លោកស្រី បានបន្តថា ពិតជារីករាយដែលបានធ្វើការងារដើម្បីប្រយោជន៍របស់កុមារ។ ជាមួយគ្នានេះលោកជំទាវក៏បានជម្រាបទៅរដ្ឋមន្ត្រីចក្រភពអង់គ្លេសដែលបានមកបំពេញទស្សនកិច្ចនាពេលកន្លងមកថា និងមានការរៀបចំពិធីចុះហត្ថលេខារវាងអង្គការ Care For Chidren និងក្រសួងសង្គមកិច្ចនាពេលនេះផងដែរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង ចុះហត្ថលេខា រវាងក្រសួងសង្គមកិច្ចនិងអង្គការ Care For Chidren នេះនឹងបន្តពង្រឹងប្រព័ន្ធថែទាំកុមារ និងគុណភាពសេវាកិច្ចការពារកុមារ ផ្តុំលើការបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធទិន្នន័យថ្នាក់ជាតិ ដើម្បីគ្រប់គ្រងទិន្នន័យកុមាររងគ្រោះ និងងាយរងគ្រោះការលើកកម្ពស់សមត្ថភាព និងគុណភាពនៃការគ្រប់គ្រងមណ្ឌលថែទាំកុមារ ដោយផ្តោតលើគុណ ភាពសេវាការគ្រប់គ្រងករណី ការធ្វើអធិការកិច្ចកន្លែង ឬមណ្ឌលថែទាំកុមារ និងការថែទាំកុមារតាមសហគមន៍ ឱ្យស្របតាមគោលនយោបាយនិងបទដ្ឋានអប្បបរមាស្តីពីការថែទាំចំពោះកុមារ៕