(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) នៅសាលប្រជុំសាលាខេត្តអគារ A។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីលោក លន់ សុភាព អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីតំំណាងទីចាត់ការអង្គភាពចំណុះសាលាខេត្ត អភិបាលរងក្រុង ស្រុក ទទួលបន្ទុកផែនការ ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុមការងារកសាងផែនការ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនេះ លោក លន់ សុភាព បានថ្លែងថា ការផ្សព្វផ្សាយរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ដែលរដ្ឋបាលនីមួយៗ គ្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍របស់ខ្លួន សម្រាប់អនុវត្តក្នុង២០២៣ ដើម្បីមានមូលដ្ឋានបច្ចេកទេសសម្រាប់រដ្ឋបាលក្រុង ស្រុកធ្វើការផ្សព្វផ្សាយបន្តដល់រដ្ឋបាលឃុំសង្កាត់ ក្នុងដែនរដ្ឋបាលរបស់ខ្លួននីមួយៗ រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន ឯកសារបច្ចេកទេស ទាំងនេះ ពិតជាមានសារៈសំខាន់សម្រាប់ធ្វើការជ្រើសរើសគម្រោងអាទិភាពការកំណត់គម្រោងសេវាសង្គមជាដើម ដើម្បីធ្វើជាធាតុចូលសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខ្លួនដូច្នេះស្នើឱ្យភាគីអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យលើសូចនាករនានា ដែលមានបញ្ហាប្រឈមខ្ពស់រួចយកមកដោះស្រាយតាមលំដាប់លំដោយនៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខ្លួន ហើយត្រូវធ្វើបច្ចុប្បន្នភាពគំរូនានាជារៀងរាល់ឆ្នាំ។

លោកអភិបាលរងខេត្ត ក៏បានធ្វើការកោតសរសើរចំពោះក្រុមការងារបច្ចេកទេស នៃមន្ទីរផែនការខេត្ត ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង ពីព្រោះឯកសារបច្ចេកទេស នេះមានការកែតម្រូវបន្ថែមនៅក្នុងជំហានទីមួយ អំពីការងារបច្ចេកទេសថ្មី ហើយមានភាពស្មុគស្មាញជាងមុន។

បន្ថែមពីនោះ លោកក៏បានស្នើដល់លោក លោកស្រី ដែលបានចូលរួមកិច្ចប្រជុំនាឱកាសនេះទាំងអស់ យកចិត្តទុកដាក់ តាមដានឱ្យបានម៉ត់ចត់ ទៅលើផ្នែកបច្ចេកទេស នីតិវិធី និងវិធីសាស្ត្រដែលអ្នកសម្របសម្រួល និងធ្វើបទឧទ្ទេសនាមជូន៕