(សៀមរាប)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់អនុវត្តការងារឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីរដ្ឋបាលស្រុក និងមន្រ្តីក្រុមការងារទាំងអស់ ដោយបានជម្នះរាល់ការលំបាកនានា រាប់បញ្ចូលទាំងការឆ្លងកាត់វិបត្តិកូវីដ-១៩។

តាមរបាយការណ៍របស់អាជ្ញាធរស្រុក បញ្ជាក់ឲ្យដឹងថា បញ្ហាប្រឈមដែលរ៉ាំរ៉ៃនោះរួមមាន៖

*ទី១៖ ការស្នើសុំអាជ្ញាធរអប្សរាអនុញ្ញាតឲ្យគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហាន២ អាចចូលកសាងផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ នៅក្នុងភូមិថ្នល់ទទឺង និងភូមិថ្នល់បណ្តោយ នៃឃុំព្រះដាក់ ដោយកន្លងមក សំណើនោះត្រូវបានអាជ្ញាធរអប្សរា បដិសេធចំនួន៣លើករួចមកហើយ ដោយភូមិទាំង២នេះ ស្ថិតក្នុងតំបន់បុរាណដ្ឋាន នៃឧទ្យានអង្គរ។
*ទី២៖ ការស្នើសុំអន្តរាគមន៍ឲ្យស្ថាប័នសមត្ថកិច្ចជួយពន្លឿន ចុះកាត់ឆ្វៀល ដីគម្របព្រៃឈើឆ្នាំ២០០២ ជូនប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងយូរអង្វែងកន្លងមកហើយនោះ បានអាស្រ័យផលដោយភាពកក់ក្តៅ។ *ទី៣៖ ការស្នើសុំការចាត់វិធានការ ចំពោះការរំលោភបំពានដីរដ្ឋ ដែលមិនត្រូវបានចាត់បញ្ចូល ទៅក្នុងបញ្ជីស្នើសុំកាត់ឆ្វៀល ពិសេសនោះ គឺនៅបរិវេណជើងភ្នំគូលែន។

ឆ្លើយតបចំពោះបញ្ហាប្រឈមទី១ លោក ម៉ី ម៉ារ៉ាឌី ប្រធានក្រុមទី៥ នៃអាជ្ញាធរជាតិអប្សរា ប្រចាំស្រុកបន្ទាយស្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ បញ្ជាក់ថា នៅក្នុងតំបន់១ តំបន់២ នៃឧទ្យានអង្គរ គឺមានបង្កប់ប្រាសាទ ក្រោមដីរាប់រយកន្លែង ដែលយើងមិនអាចមើលរំលងបាន។ ការសិក្សាក្នុងតំបន់បូរាណដ្ឋាន អាជ្ញាធរអប្សរាមានក្រុមការងារពិសេសគ្រប់ជំនាញដែលគ្រប់គ្រងដោយអគ្គនាយកមួយរូប។ ក្រុមការងារពិសេសនេះ អាចជួយបានបើមានតម្រូវការយ៉ាងណានោះ ដែលទាក់ទងទៅនឹងការស្រាវជ្រាវបូរាណដ្ឋាន ឬសិក្សាអំពិបេតិកភណ្ឌ។

លោក ម៉ី ម៉ារ៉ាឌី បានបញ្ជាក់ថា នាពេលកន្លងមក មានជំនួបរវាងអភិបាលខេត្តសៀមរាប ជាមួយអគ្គនាយកអាជ្ញាធរជាតិអប្សរា បានពិភាក្សាធ្វើកំណត់ហេតុផងដែរ អំពីការងារសម្របសម្រួលនោះ ប៉ុន្តែនៅឡើយមិនទាន់បានអនុវត្ត។ ក្រុមការងារអន្តរស្ថាប័ននេះដែរ មានអភិបាលខេត្តជាប្រធាន និងអគ្គនាយកអាជ្ញាធរជាតិអប្សរាជាអនុប្រធាន ដើម្បីដោះស្រាយបញ្ហាសំណើរសុំកសាងផ្លូវនៅភូមិថ្នល់បណ្តាយ និងភូមិថ្នល់ទទឹង នៃឃុំព្រះដាក់នេះ។

ដោយឡែក ចំពោះបញ្ហាប្រឈមទី២ អង្គប្រជុំបាន ស្នើដល់អាជ្ញាធរស្រុក ត្រូវប្រមូលទិន្នន័យប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្ដែងឱ្យបានច្បាស់លាស់ មុនធ្វើការការឆ្វៀលដី ជាមួយនោះបញ្ហាប្រឈមទី៣ ជនដែលបាន រំលោភបំពានដីរដ្ឋ នឹងត្រូវចាត់វិធានឱ្យខាងតែបាន តាមរយៈការស្នើសុំគោលការណ៍ពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។

យ៉ាងណាក៏ដោយ របៀបវារៈនៅលើតុនៃកិច្ចប្រជុំនេះ គឺជាកម្មវត្ថុដែលត្រូវរួមគិត រួមដោះស្រាយ ដែលយ៉ាងហោចណាស់ អង្គប្រជុំត្រូវធ្វើការសម្រេចចិត្ត ដើម្បីចេញសេចក្តីព្រាងរបាយការណ៍ សម្រាប់បញ្ជូនទៅលេខាធិការដ្ឋាន នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ដើម្បីស្នើសុំគោលការណ៍អនុវត្ត ឬបទអន្តរាគមន៍ណាមួយ ក្នុងការស្រាយសំណូមពរទាំងនោះ ជូនប្រជាពលរដ្ឋ៕