(ភ្នំពេញ)៖ អ្នកនាង ធី សុវណ្ណថា អតីតសកម្មជនដ៏លេចធ្លោម្នាក់របស់ អតីតក្រុមប្រឆាំង ដែលបានមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានចេញសារបដិសេធជាថ្មី ចំពោះការប្រឌិតចោទប្រកាន់ម្តងទៀតរបស់ លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់។
ជាមួយគ្នានេះ អ្នកនាងក៏បានផ្តាំទៅ លោក សម រង្ស៉ី ឱ្យបំភ្លេចនាងចោលចុះ ដោយចាប់ពីដើរចេញពីក្រុមប្រឆាំងមក នាងមិនដែលគិតមិនដែលស្រមៃទៅគាំទ្រលោក សម រង្ស៉ី ឬធ្វើយុវជនបន្តវេនពីលោកនោះឡើយ។
តាមរយៈបណ្តាញសង្គម Facebook អ្នកនាង ធី សុវណ្ណថា បានលើកឡើងដូច្នេះថា៖ «នាងខ្ញុំ សូមបដិសេធម្តងទៀត (ជាលើកទី២) សារជាង ៤០០ទំព័រ ដែលលោក សម រង្ស៉ី បានផូសផ្សាយកាលពីយប់ម្សិលមិញ នាងខ្ញុំ បានដាក់ពាក្យប្តឹងតាំងពីឆ្នាំ ២០១៦។ កាលដែលលោក សម រង្សី ផូសផ្សាយប្រឌិតរឿង ដដែលៗបែបនេះ បង្ហាញពីកម្រិតចំណេះដឹងនយោបាយ គ្មានប្រាជ្ញា គ្មានគំនិតថ្មីៗ ដើម្បីធ្វើនយោបាយបន្ត។ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាអ្នកបន្តវេន្តដ៏ស័ក្តិសមបំផុតរបស់បក្សប្រជាជន និងបានអំពាវនាវឱ្យ លោក សម រង្ស៉ី ជ្រើសអ្នកបន្តវេនចូលរួមប្រជែងនយោបាយលោកគួរ ជ្រើសរើសមនុស្សដែលស័ក្តិសម លោកមិនគួរផូសវាយប្រហារនាងខ្ញុំទេ តើលោកមានបំណងអ្វី? »។
ការឆ្លើយតបរបស់ អ្នកនាង ធី សុវណ្ណថា បានលើកឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះសារនៅលើហ្វេសបុក កាលពីម្សិលមិញ ដោយស្នើឱ្យក្រុមហ៊ុន Line បញ្ជាក់អំពីសារ៤០០ទំព័រ។ សារនេះលោក សម រង្ស៉ី បានប្រកាន់ថា ជាសារឆ្លើយឆ្លងរវាង សម្តេចតេជោ ហ៊ុន សែន និង អ្នកនាងធី សុវណ្ណថា ដោយលោកបានចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន ថាបានយកលុយ១លានដុល្លារ ទៅសូកប៉ាន់ អ្នកនាង ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ។
ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក សម រង្ស៉ី ដោយផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តជូនដើមបណ្តឹង គឺសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀល ក្នុងសំណុំរឿងបទបរិហាកេរ្តិ៍មួយនេះ។
សម្រាប់អ្នកនាង ធី សុវណ្ណថា, ការព្យាយាមចោទប្រកាន់ជាថ្មីរបស់ លោក សម រង្ស៉ីនេះ គឺគ្រាន់តែជាការនឹករលឹកដល់រូបនាងប៉ុណ្ណោះ។ អ្នកនាងបានថ្លែងថា «ខ្ញុំបានមើលឃើញ យុវជនប្រឆាំងជំនាន់ក្រោយជាច្រើននាក់ទាំងក្នុងស្រុក និងក្រៅស្រុក មានសមត្ថភាពល្អ ឆន្ទៈល្អ និងបានតស៊ូ ស្មោះស្ម័គ្រជាមួយលោក រហូតដល់បច្ចុប្បន្ន លោកគួរតែមើលឃើញពួកគាត់ផូសផ្សាយពីពួកគាត់មិនគួរផូសផ្សាយ ពីខ្ញុំទេ»
នាងបានបញ្ជាក់ជាថ្មីថា «ខ្ញុំមិនដែលគិតមិនដែលស្រមៃទៅគាំទ្រលោក ឬធ្វើយុវជនបន្តវេនពីលោកទេ ឬទៅធ្វើជាយុវជនប្រឆាំងដូចមុនទេ ព្រោះខ្ញុំបានយល់ដឹងយ៉ាងច្បាស់ពីគុណតម្លៃសន្តិភាពបានឃើញប្រទេស កំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ពិសេសបានកំពុងកែទម្រង់ភាពអសកម្មជាច្រើន។ សូមលោកបំភ្លេចខ្ញុំចោលចុះ កុំរំលឹកពីខ្ញុំកុំរំខានខ្ញុំទៀត ខ្ញុំសុំរស់នៅធម្មតាជីវភាពសាមញ្ញ ខ្ញុំចូលរួមជួយប្រជាជនមូលដ្ឋាន ជួយប្រទេសជាតិតាមលទ្ធភាពតិចតួចរបស់ខ្ញុំ»៕