(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បន្ទាប់ពីការបង្រួបបង្រួម និងបញ្ចប់សង្រ្គាមនៅជាយដែនកម្ពុជា កាលពីប្រមាណ ១៨ឆ្នាំមុនហើយនោះ នៅថ្ងៃស្អែកនេះ នឹងសម្ពោធសមិទ្ធផលដ៏ថ្មីសន្លាងថ្មីមួយទៀត ក្រោមការដឹកនាំរបស់សម្តេច គឺផ្លូវជាតិលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មា ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១០០គីឡូម៉ែត្រ។
ផ្លូវជាតិលេខ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ ប្រវែងសរុប១២៤,២០គីឡូម៉ែត្រ ដែលក្នុងនោះមានផ្លូវជាតិលេខ៥៦ (តាមគន្លងវាងប្រាសាទ) ប្រវែង១១៣,៤៥គីឡូម៉ែត្រ ចាប់ពីក្រុងសិរី-សោភ័ណ ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងផ្លូវចូលប្រាសាទប្រវែង១០,៧៥គីឡូម៉ែត្រ មានទទឹងសរុប១១ម៉ែត្រ ផ្ទៃនៃទ្រូងផ្លូវជាប្រភេទកំរាលថ្មស្រោចកៅស៊ូស្តើងពីរស្រទាប់ DBST មានទទឺង១០ម៉ែត្រ មានគន្លងផ្លូវ២ សម្រាប់រថយន្ត គន្លងនីមួយៗ មានទទឹង៣,៥០ម៉ែត្រ គន្លងពីរសម្រាប់ទោចក្រយានយន្ត គន្លងនីមួយៗមានទទឹង១,៥០ម៉ែត្រ និងចិញ្ចើមដីក្រហម សងខាងទទឹង០,៥០ម៉ែត្រ សាងសង់ស្ពាន២កន្លែង ប្រវែងសរុប៦៦ម និងសាងសង់លូគ្រប់ប្រភេទចំនួន១៦៨កន្លែង ប្រវែងសរុប២៤១៧ម៉ែត្រ។
គម្រោងស្ថាបនាផ្លូវទិសពាយ័ព្យផ្លូវជាតិលេខ៥៦ ចំណាយថវិកាសរុប ប្រមាណ ៤៥លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីធនាគារអភិវឌ្ឍអាស៊ី ADB និង ២៩លានដុល្លារអាមេរិកទៀត ជាកម្ចីឥណទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េរួមជាមួយ ថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន សម្រាប់ការដោះមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងដោះស្រាយផលប៉ះពាល់។
ផ្លូវនេះបានចាប់ផ្តើម សាងសង់នៅចុងឆ្នាំ២០១១ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០១៥។ សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ គឺជាជម្រករបស់កងទ័ពខ្មែរ និងកងទ័ពតស៊ូរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង លោកតា សឺន សាន្ត ហើយក៏ជាកន្លែងវាយប្រយុទ្ធគ្នា ដ៏ស្រួចស្រាវមួយជាមួយកងទ័ពរដ្ឋកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា។
បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១,៧៦២គ្រាប់ ត្រូវបានរកឃើញ នៅក្នុងដំណាក់កាលសាងសង់ផ្លូវនេះ ហើយជាផ្លូវ ដែលមានមានគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះច្រើនជាងគេ ក្នុងប្រវត្តិសាស្រ្តសាងសង់ផ្លូវ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕