(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាត់ទុកការរិះគន់ចំណាត់ការរបស់លោក ចំពោះមេឃុំ ស៊ាង ចែតថាដូចការអនុវត្តសម័យខ្មែរក្រហមនោះ គឺជាការលាបពណ៌​​ មកលើអង្គភាពប្រឆាំងអំពើពុករលួយ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងសន្និសីទកាសែតមួយ នៅអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណី ACU នាំខ្លួន លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកសាកសួរអំពីដំណើររឿងយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់ស្រីមុំ ដើម្បីឱ្យជួយរារាំងដល់ការនិយាយការពិតប្រាប់សមត្ថកិច្ច។

លោក ឱម យ៉ិនទៀង បានថ្លែងថា ACU មាននីតិវិធី២យ៉ាង គឺនីតិវិធីទី១ ជាការអញ្ជើញឱ្យបំភ្លឺ ហើយនីតិវិធីទី២ គឺជាការបង្ខំនាំខ្លួន ឬចាប់ខ្លួនតែម្តង។ ប៉ុន្តែចំពោះករណីលោក ស៊ាង ចែត នេះលោកទើបនឹងប្រើប្រាស់នីតិវិធីទី១ប៉ុណ្ណោះ មិនទាន់ដល់ការចាប់ខ្លួនទេ ប៉ុន្តែមានគេរិះគន់ថា ដូចខ្មែរក្រហម។

លោក ឱម យ៉ិនទៀង បានលើកឡើងថា «ករណីអញ្ជើញហើយ ប្រកែកមិនព្រមមកវិញ រឹងរូសយើងខ្ញុំនឹងប្រើនីតិវិធីទី២ បង្ខំនាំ រើរុះ វ៉ៃខ្នោះ អញ្ចឹង ពិចារណាមើលចុះ យើងខ្ញុំទើបនឹងប្រើនីតិវិធីទី១ទេតើ នីតិវិធីអញ្ជើញតើ រួចម៉េចក៏លាបពណ៌យើងខ្ញុំថា “ចាប់មើលតែខ្មែរក្រហម អាពត” យី ! លោក អភ័យឯកសិទ្ធិ»

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក មកពីគណបក្សសម រង្ស៊ី។ គណបក្សនេះបានហៅ ការឃាត់ខ្លួន សមាជិករបស់គណបក្សសង្រ្គោះជាតិរូបនោះថា មានចរិតដូចកាលរបបខ្មែរក្រហម ព្រោះតែសំអាងលើការឆ្លើយ ដាក់របស់បុគ្គលម្នាក់។ គណបក្សសង្រ្គោះជាតិក៏បានអំពាវនាវឱ្យមានការដោះលែង ដោយគ្មានលក្ខខណ្ឌផងដែរ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ការឃាត់ខ្លួន លោក ស៊ាង ចែត មិនមែនដោយសារតែលិខិតចំហររបស់ស្រីមុំប៉ុណ្ណោះទេ ប៉ុន្តែសាមីខ្លួនបាននិយាយដោយខ្លួនឯង នៅពេលដែលជួបជាមួយលោកដោយចៃដន្យ នៅក្នុងសាលាស្រុក។ លោកថា លោកស៊ាង ចែត បានស្ម័គ្រចិត្តបំភ្លឺជូនអង្គភាពប្រឆាំងអំពើពុករលួយចំពោះដំណើររឿងលុយ៥០០ដុល្លារ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ «ស្រីមុំ» ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានសរសេរលិខិតជំហរមួយរៀបរាប់អំពីរឿងរ៉ាវរបស់នាង ក្រោយបែកធ្លាយសំឡេងខ្សែអាត់សាសងស្នេហា ជាមួយ លោក កឹម សុខា។ នៅក្នុងលិខិតនោះ ស្រីមុំ បាននិយាយអំពី លោក ស៊ាង ចែត មេឃុំស្រក ដែលជាសមាជិករបស់គណបក្សសង្រ្គោះជាតិ បានយកលុយ៥០០ដុល្លារ ដែលបានមកពីលោក កឹម សុខា ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់រូបនាង (ស្រីមុំ) កុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា៕