Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា និងសំភារៈ ជូនប្រជាពលរដ្ឋរងគ្រោះ៥៥គ្រួសារ ដោយភ្លើង​ឆេះផ្ទះនៅចាក់​អង្រែលើ

25-04-2016 20:17

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទ​ក្រហមកម្ពុជា និងសហការី រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋ ៥៥គ្រួសារ រស់នៅភូមិព្រែកតាគង់ និងភូមិព្រែកតានូ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨៖៤៥នាទីកន្លងទៅ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានសម្តែងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលកើត​មានឡើងចំពោះ​បងប្អូនប្រជាពលរដ្ឋ និងបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ហើយខិតខំប្រឹងប្រែង ប្រកបរបរចិញ្ចឹមជីវិតបន្តទៅទៀត។ ជាមួយគ្នានេះដែរ លោកស្រី បានពាំនាំសារមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជម្រាបជូនបងប្អូន ប្រជាពលរដ្ឋ ដែលក្នុងនោះមាន​៖ ការផ្តោតសំខាន់លើបញ្ហាសុខភាព ផលប៉ះពាល់នៃគ្រឿនញៀន និងគ្រឿងស្រវឹង ការថែទាំសុខភាពចំពោះ អ្នកមានផ្ទៃពោះ និងអ្នកផ្ទុកមេរោគអេដស៍ ការគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ បើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០ គ.ក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ និងកៅស៊ូតង់១ និងថវិកា ២០ម៉ឺនរៀល។ ដោយឡែក ទេយ្យទានប្រគេនសម្រាប់វត្តចាក់អង្រែលើ រួមមាន៖ អង្ករ១០០គ.ក្រ ត្រីខ១០០កំប៉ុង មី៥កេស និងបច្ច័យ១លានរៀល៕