(ភ្នំពេញ)៖ លោក Soleine Scotney ប្រធានអង្គការ Clinton Health Access Initiative (CHAI) បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងអាចបើកដំណើរការប្រទេសឡើងវិញ។

ការថ្លែងដូច្នេះរបស់លោកក្នុងឱកាស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។

ជាកិច្ចចាប់ផ្តើម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក Soleine Scotney ប្រធានអង្គការ Clinton Health Access Initiative (CHAI) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Clinton Health Access Initiative (CHAI) ដែលបានផ្តល់ការឧបត្ថម្ភ គាំទ្រទាំងថវិកា និងបច្ចេកទេស លើវិស័យសុខាភិបាល ជាពិសេសដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្នុងការងារប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ នៅកម្ពុជា។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសរំលេចថា សមទ្ធិផលនៃការប្រយុទ្ធនឹងជំងអេដស៍ និងសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា ដែលបានទទួលរហូតមកដល់ពេលនេះ មិនអាចកាត់ផ្តាច់បានពីការចង្អុលបង្ហាញ និងដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៏/ជំងឺអេដស៍ និងការអភិវឌ្ឈនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ។

ជាការឆ្លើយតបក្នុងជំនួបនោះ លោកប្រធានអង្គការ បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រី និងមន្រ្តីសុខាភិបាលទាំងអស់ ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយអង្គការ CHAI។ លោកប្រធាន ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងអាចបើកដំណើរការប្រទេសឡើងវិញ។

សូមជម្រាបជូនថា អង្គការ Clinton Foundation for HIV/AIDS Initiative (CHAI) បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងសុខាភិបាល នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៥ ដោយចាប់ផ្ដើមរៀបចំគំរោងចូលរួមជាដៃគូលើការផ្ដល់ការគាំទ្របចេ្ចកទេស ក្នុងការព្យាបាលថែទាំបន្តជំងឺអេដស៍ ជាពិសេសការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍លើកុមារ និងបចេ្ចកទេសធ្វើតេស្ត DNA-PCR រកមេរោគអេដស៍លើទារក។ គម្រោងទីមួយរបស់មូលនិធិ CHAI មានរយៈពេល៦ឆ្នាំ (២០០៥-២០១០) បានចូលរួមពង្រឹងប្រព័ន្ធគ្រប់គ្រងសម្ភារៈបរិក្ខារឱសថព្យាបាលជំងឺអេដស៍ និងចូលរួមពង្រឹងមន្ទីរពិសោធន៍ធ្វើតេស្ត គាំទ្រដល់ការព្យាបាលជំងឺអេដស៍។

ទន្ទឹមនឹងសកម្មភាពរួមចំណែកខាងលើនេះ អង្គការ CHAI បានផ្ដល់ថវិកាប្រមាណ ១,០០៣,១៩២ដុល្លារអាមេរិក ក្នុងការជួសជុលអគារព្យាបាលជំងឺកុមារ រួមទាំងកុមារផ្ទុកមេរោគអេដស៍ចំនួន១០កន្លែង ជួសជុលអគារមន្ទីរពិសោធន៍ ២កន្លែង និងសាងសង់បន្ទប់ធ្វើតេស្តរកមេតោគអេដស៍ VCT និង PMTCT មួយចំនួន។ នៅដំណាក់កាលទីពីរ (២០១១-២០២០) អង្គការ CHAI បានប្តូរជាអង្គការអន្តរជាតិ CHAI (Clinton Health Access Initiative) នៅក្នុងឆ្នាំ២០១០ បានបន្តចូលរួមគាំទ្រលើសកម្មភាពអាទិភាពនៃគំរោងទី១ ដែលផ្តោតលើការពង្រឹងគុណភាពសេវាព្យាបាលជំងឺអេដស៍លើកុមារ សេវាមន្ទីរពិសោធន៍ សេវា PMTCT ព្រមទាំងផ្ដល់អ្នកជំនាញជួយបណ្ដុះបណ្ដាលដល់មន្រ្តីសុខាភិបាល ដែលកំពុងអនុវត្តការងារខាងលើនេះ។

អង្គការ CHAI បានពង្រីកគម្រោងចូលរួមជាដៃគូជាមួយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន (CENAT) គ្រុនចាញ់ (CNM) និងគាំពារមាតានិងទារក (PMTCT និងចាក់ថ្នាំបង្ការ)។ ដំណាក់កាលទី៣ (២០២១-២០២៣) មូលនិធិ CHAI បន្តចូលរួមគាំទ្របចេ្ចកទេសក្រោមជំនួយមូលនិធិសកល GFATM ជាពិសេសអនុវត្តសកម្មភាពនៃយុទ្ធវិធីដែលបានបង្ហាញក្នុងផែនទីចង្អុលផ្លូវ ដើម្បីឈានទៅលុបបំបាត់ការចំលងមេរោគអេដស៍ពីម្ដាយទៅកូន នៅឆ្នាំ២០២៥៕