(ភ្នំពេញ)៖ ចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តយ៉ាងមុតមាំ គាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការប្រកាសរបស់ចក្រភពអង់គ្លេស បានធ្វើឡើងតាមរយៈលោកស្រី អាម៉ាន់ដា មីលលីង (Amanda Milling) អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៉ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ក្នុងឱកាសជួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកស្រី អាម៉ាន់ដា មីលលីង បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបានទន្ទឹង ដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស ជាពិសេសលើផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេស សម្រាប់ឆ្នាំ២០២២-២០២៦»

ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះ «សម្ព័ន្ធមហា សមុទ្រសកលលោក» ដែលដឹកនាំដោយចក្រភពអង់គ្លេស និងការចូលរួមនៅក្នុង «ការរួបរួម មហិច្ឆតាខ្ពស់សម្រាប់ធម្មជាតិ និងមនុស្សជាតិ»