(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ឲ្យដឹងថា សឹង្ហបុរីបានបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្ស នៅកម្ពុជា ក្នុងនោះមាន ផ្នែកព័ត៌មានវិទ្យា, ពាណិជ្ជកម្ម និងផ្នែកផ្សេងៗទៀត ហើយមកដល់ពេលនេះ គឺបានហ្វឹកហ្វឺនសិស្ស-និស្សិតប្រមាណជាង១ម៉ឺន២ពាន់នាក់។
សម្ដេចតេជោ បន្តថា ខណៈនេះប្រទេសសឹង្ហបុរី កំពុងពិចារណាពង្រីកមជ្ឈមណ្ឌលនេះថែមទៀត សម្រាប់គ្របដណ្ដប់លើមុខវិជ្ជាផ្សេងៗទៀតដើម្បីជួយ ដល់យុវជនកម្ពុជា។ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បែបនេះ ខណៈដែល ជួបពិភាក្សាការងារ ជាមួយ លោក Kevin Cheok ឯកអគ្គរដ្ឋទូតសិង្ហបុរីនៅវិមានសន្ដិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦នេះ។ ក្នុងអំឡុងជួបពិភាក្សានោះ លោក Kevin Cheok បានសំដែងការអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ដែលតែងតែគាំទ្របេសកកម្មការ ទូតរបស់លោកទទួលបានជោគជ័យនៅកម្ពុជា។ លោក Kevin Cheok បាន មើលឃើញអំពីការអភិវឌ្ឍន៍នៅកម្ពុជាដែលកំពុងបោះជំហានទៅមុខ ទាំងនៅ ទីក្រុង និងបណ្តាខេត្ត។ ទន្ទឹមនឹងនោះ លោក Kevin Cheok បានអរគុណសម្ដេចតេជោ ដែលបានអញ្ជើញបំពេញទស្សនកិច្ច នៅសឹង្ហបុរីចំនួនពីរលើកក្នុងមួយឆ្នាំ ដែលទីមួយចូលរួមគោរពវិញ្ញាណក្ខន្ធ លោក លី ក្វាន់យ៉ូ និងទីពីរ គឺចូលរួមបុណ្យឯករាជ្យជាតិរបស់សឹង្ហបុរី។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច មានមោទនភាពណាស់ ដែលបានធ្វើជាដៃគូជាមួយរដ្ឋាភិបាល និងប្រជាជនសឹង្ហបុរី។ សម្ដេចតេជោគាំទ្រ និងស្នើឲ្យសឹង្ហបុរីបន្ដជួយជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងតំបន់អាស៊ានទាំងមូល។ សម្តេចតេជោ ក៏បានកោតសរសើរ ចំពោះការរីកចម្រើនលើវិស័យសុខាភិបាលនៅសឹង្ហបុរី ដែលប្រទេសនេះមានមន្ទីរ ពេទ្យទំនើបព្យាបាលប្រកបដោយការទទួលខុសត្រូវលើវិជ្ជាជីវៈខ្ពស់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំរគុណ លោក Kevin Cheok ដែលបានមកបំពេញបេសកកម្ម និងបានរឹតចំណងមិត្តភាព និងសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ និងជូនពរលោកទទួលបានជោគជ័យក្នុងបេសកកម្មថ្មីៗជាបន្ដទៀត។ សម្តេចបានបញ្ជាក់ថា នឹងរង់ចាំស្វាគមន៍ទទួលការអញ្ជើញមកបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសសឹង្ហបូរី នៅកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ៕