(ភ្នំពេញ)៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា មានក្រុមហ៊ុនមួយចំនួន នៅប្រទេសអាមេរិក បានសម្ដែងចំណាប់អារម្មណ៍ខ្ពស់មកលើកម្ពុជា ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យា។ ចំពោះវិស័យកសិកម្មវិញ ក្រុមហ៊ុនមួយចំនួនទៀតក៏បាន ជួបពិភាក្សា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីកំណត់កន្សោមអាទិភាព។ ចំពោះវិស័យផលិតផលកែច្នៃវិញ គឺនៅកង្វះខាតនៅឡើយ។ លោក Heidt ក៏បានលើកជាសំណើរៀបចំព្រឹត្តិការណ៍ជំរុញ ពាណិជ្ជកម្ម នៅប្រទេសសឹង្ហបុរី វៀតណាម និងហុងកុង ដើម្បីផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា ទៅក្រុមហ៊ុនអាមេរិក ដើម្បីទាក់ទាញការវិនិយោគ ។
ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានេះ បានធ្វើឡើងក្រោយពីលោក បានសម្ដែងការគួរសមជាមួយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។
ឆ្លៀតក្នុងឱកាសនោះលោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ហើយក៏យល់ឃើញដែរថានេះជាអ្វី ដែលក្រសួងពាណិជ្ជកម្ម នឹងរៀបចំដើម្បីទាក់ទាញអ្នកវិនិយោគ។
ជាមួយនោះដែរ លោក ប៉ាន សូរស័ក្ដិ បានជម្រាបជូន ឯកអគ្គរដ្ឋទូត អំពីផែនការ សកម្មភាពជាអាទិភាពដូចជា កិច្ចសម្រួលដល់ការចុះបញ្ជី និងតភ្ជាប់ជាមួយ ប្រព័ន្ធពន្ធដារ បញ្ចប់ការរៀបចំប្រព័ន្ធ CO ដោយរួមបញ្ចូលការចេញជា ស្វ័យប្រវត្តនូវទម្រង់ N និង J បន្ថែមទៀត ពិនិត្យបន្ថែមលើសេចក្ដីព្រាងច្បាប់ ស្ដីពី eCommerce, ការប្រកួតប្រជែង សុវត្ថិភាពចំណីអាហារ និងច្បាប់ការពារ អ្នកប្រើប្រាស់ ព្រមទាំងសិក្សាបន្ថែមពីផលប្រយោជន៍របស់អនុសញ្ញាពាណិជ្ជកម្មតំបន់ផងដែរ៕