(ភ្នំពេញ)៖ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា លើការបណ្តុះបណ្តាលភាសាចិន ជូនដល់សិស្ស-និស្សិត និងសាធារណៈជនទូទៅ។
បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា បានឲ្យដឹងថា ការសហការគ្នានេះ នឹងជួយដល់វិទ្យាស្ថានទាំងពីរ ក្នុងការធានានូវនិរន្តរភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការរៀបចំថ្នាក់បណ្តុះបណ្តាលភាសាចិនទូទៅ ជូនដល់សិស្ស-និស្សិត និងសាធារណៈជនទូទៅ។
នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា បានគូសបញ្ជាក់ថា ភាសាចិន គឺជាភាសាកំពុងពេញនិយមលើទីផ្សារការងារ ក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងជុំវិញពិភពលោក។
បណ្ឌិត ផុន ណារិន បានថ្លែងថា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាថ្នាលអប់រំ ដើម្បីភាពជោគជ័យក្នុងអាជីព ដែលមានចក្ខុវិស័យ ជាថ្នាលអប់រំធុរៈកិច្ច ប្រកបដោយគុណភាព ឈានមុខ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងតំបន់ មានបេសកកម្ម ផ្តល់នូវសេវាកម្មអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈធុរៈកិច្ច។
លោកបណ្ឌិត បានលើកឡើងថា វិទ្យាស្ថានមានកិត្តិយស ដែលទទួលបាននូវការយល់ស្របពីរាជបណ្ឌិត្យសភាកម្ពុជា តាមការស្នើសុំរបស់វិទ្យាស្ថាន ស្ដីពីកិច្ចសហប្រតិបត្តិការ និងគាំទ្រលើសេវាបណ្ដុះបណ្ដាលភាសាចិនទូទៅ រវាងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថាន ពាណិជ្ជសាស្ត្រអេស៊ីលីដា។
បន្ថែមពីនោះទៀត បណ្ឌិត ផុន ណារិន បានបញ្ជាក់ថា វិទ្យាស្ថាន បានធ្វើការស្វែងរកដៃគូ ដែលមានសក្តានុពល និងមានចំណេះជំនាញថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ចំណេះដឹង លើភាសាចិនទូទៅ និងលើកកំពស់កម្មវិធីសិក្សា ក្នុងសេវាកម្មអប់រំ របស់វិទ្យាស្ថាន ឲ្យទំនើបទាន់សម័យជានិច្ច។
គូសបញ្ជាក់ថា វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា មានផ្តល់សេវាអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព៖ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ៖ ហិរញ្ញវត្ថុ និងធនាគារ, ហិរញ្ញវត្ថុ, គ្រប់គ្រង។
ថ្នាក់បរិញ្ញាបត្រជំនាញ៖ គណនេយ្យ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យាហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៌មានធុរកិច្ច, ពាណិជ្ជកម្មអន្ដរជាតិ, គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង, គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ, ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ, ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច, ការបង្រៀនភាសាអង់គ្លេស និងវិទ្យាសាស្រ្ដ និងវិស្វកម្មកុំព្យូទ័រ។
ថ្នាក់បរិញ្ញាបត្ររងជំនាញ៖ គណនេយ្យ, ហិរញ្ញវត្ថុ និងធនាគារ, គ្រប់គ្រងអាហរ័ណ-នីហរ័ណ, ធានារ៉ាប់រង, ចលនូបត្ថម្ភ និងភាសាអង់គ្លេស៕