(ភ្នំពេញ)៖ ការលែងខ្លួនចុះហែលទឹកក្នុងថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលហែលទឹកក្នុងខេត្តបាត់ដំបង បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងទៅលើកាយសម្បទារបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលនៅរក្សាបានភាពមាំមួនបើទោះបីលោកមានវ័យប្រមាណ៦៦ឆ្នាំទៅហើយនោះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក មានអតីតភាពជាកីឡាករហែលទឹកជម្រើសជាតិដ៏ចំណានមួយរូប។ ក្រៅតែពីការចូលចិត្តហែលទឹកហើយនោះ លោក ស៊ុន ចាន់ថុល ក៏ជាអ្នកចូលចិត្តលេងកីឡាផ្សេងៗជាច្រើនទៀត។
បើទោះបីចូលដល់វ័យ ៦៦ឆ្នាំទៅហើយក្តី លោក ស៊ុន ចាន់ថុល នៅតែមានកាយសម្បទាមាំមួន អាចហែលទឹក អាចរត់ និងអាចធាក់កង់បានផងដែរ។ ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលហែលទឹកក្នុងខេត្តបាត់ដំបង កាលពីថ្ងៃចន្ទ ទី១០ ខែមករា កន្លងទៅនេះ លោក ស៊ុន ចាន់ថុល បានចុះហែលទឹកជាមួយក្រុមការងារ។ ការលែងខ្លួនចុះហែលទឹក បានធ្វើឱ្យគេបានឃើញនូវកាយសម្បទារបស់លោកដែលរក្សាបាននូវភាពមាំមួន ហើយផ្ទុះនូវការកោតសរសើរផងដែរ។
យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ លោក ស៊ុន ចាន់ថុល មានសមត្ថភាពអាចហែលទឹកបានចម្ងាយពី ១០គីឡូម៉ែត្រ ទៅ ១៥គីឡូម៉ែត្រ ក្នុងមួយសប្តាហ៍។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ភាពរឹងមាំនៃកាយសម្បទារបស់លោក គឺបានមកពីការលេងកីឡា។ លោកបានបញ្ជាក់ទៀតថា ការលេងកីឡាមិនត្រឹមតែធ្វើឱ្យកាយសម្បទារឹងមាំប៉ុណ្ណោះទេ តែក៏បានជួយបញ្ញាស្មារតីមានភាពរឹងមាំផងដែរ។
ក្នុងនាមជាអ្នកស្រឡាញ់វិស័យកីឡាមួយរូបនោះ លោក ស៊ុន ចាន់ថុល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យលេងកីឡា ហើយយកចិត្តទុកដាក់លើការហូបចុក ដើម្បីរក្សាបានសុខភាពល្អ និងមានកាយសម្បទារឹងមាំ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអតីតកីឡាករហែលទឹកជម្រើសជាតិយុវជនលើវិញ្ញាសារជំនាញហែលដោយរបៀបកង្កែប។ ប៉ុន្តែលោកចូលចិត្តហែលរបៀបមេអំបៅ ដែលកាលនោះលោកព្រឹទ្ធាចារ្យ ហែម ថុន គឺជាគ្រូបង្វឹក។
ដោយមានចិត្តស្រឡាញ់ និងចង់លើកស្ទួយវិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន លោកទេសរដ្ឋមន្ត្រី ក៏បានចូលកាន់តំណែងជាប្រធានសហព័ន្ធតាំងពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ននេះ។ តាំងពីសហព័ន្ធនេះបានកើតឡើង លោកទេសរដ្ឋមន្ត្រី បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកចំនួនបួន ដែលមាននៅតាមបណ្តារាជធានី-ខេត្តនានា រួមមាន៖ មណ្ឌលកីឡាហែលទឹកតេជោ សែន ខេត្តកំពង់ចាម អាងហែលទឹកខ្នាតតូចនៅស្រុកកោះធំ ខេត្តកណ្ដាល មណ្ឌលហែលទឹកបាត់ដំបង ស្ថិតក្នុងខេត្តបាត់ដំបង និងបានកែលម្អលើកកម្រិតអាងហែលទឹក ស្តង់ដាអន្តរជាតិនៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។
ការសាងសង់នេះ គឺទទួលបានការគាំទ្រថវិកាពីសប្បុរសជន ដោយមិនបានប្រើប្រាស់ថវិកាជាតិនោះឡើយ។ ការសាងសង់មណ្ឌលហែលទឹកនេះ ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធាន គ្រូបង្វឹក កីឡាករ កីឡាការិនី និងអភិវឌ្ឍវិស័យកីឡាមួយនេះឱ្យកាន់តែរីកចម្រើន ក៏ដូចជាដើម្បីហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតដណ្ដើមមេដាយលើឆាកអន្តរជាតិ។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើការឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់ដល់គ្រូបង្វឹក បុគ្គលិកមន្ត្រីសហព័ន្ធ និងកីឡាករ កីឡាការិនីក្នុងក្រុមជម្រើសជាតិ ដោយបានផ្ដល់អាហារូបត្ថម្ភប្រចាំថ្ងៃក្នុងមួយថ្ងៃ៣ពេល ស្របតាមស្តង់ដារបបអាហារ ដោយមានមេចុងភៅ និងកូនកាំបិតជាអ្នកធ្វើម្ហូប និងជួយគាំទ្រផ្នែកផ្សេងៗទៀតផងដែរ។
គួរកត់សម្គាល់ផងដែរថា សហព័ន្ធខ្មែរកីឡាហែលទឹក មានទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសជា ច្រើនដូចជា៖ សហព័ន្ធហែលទឹកអាស៊ីអាគ្នេយ៍ សហព័ន្ធហែលទឹកអាស៊ី សហព័ន្ធហែលទឹកអន្តរជាតិ ដែលធ្វើឱ្យសហព័ន្ធមានកម្មវិធីប្រកួតច្រើនដូចជា៖ ការប្រកួតហែលទឹកជើងឯកយុវជនអាស៊ីអាគ្នេយ៍ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) ការប្រកួតកីឡាអាស៊ី ការប្រកួតកីឡាអូឡាំពិក និងការប្រកួតវគ្គជម្រុះពិភពលោក៕