Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលស្រុកព្រែកប្រសព្វ ចាប់ខ្លួនឪពុកចិត្តតិរច្ឆាន រំលោភកូនស្រីបង្កើតអាយុ១៥ឆ្នាំ

25-04-2016 18:26

(ក្រចេះ)៖ កម្លាំងនគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត បានបញ្ជូនខ្លួនជនសង្ស័យជាឪពុកចិត្តតិរច្ឆានម្នាក់ ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនោះ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ចំនួន៥លើក ទៅលើកូនស្រីខ្លួនឯងបង្កើត ដែលមានអាយុ១៥ឆ្នាំ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលយុត្តិធម៌ស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ងួន ម៉ៃ អាយុ ៤២ឆ្នាំ រស់នៅភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ បច្ចុប្បន្នស្នាក់នៅ ចំណុចភូមិស្រែពពេល ឃុំសោប ស្រុកព្រែកប្រសព្វ បានចាប់រំលោភសេពសន្ថវៈលើកូនរបស់ខ្លួន បានសម្រេចចំនួន៥ដង។ លើកទី១ ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភ កាលពីឆ្នាំ២០១៥កន្លងទៅ នៅចំណុចរោងចាំចំការ ដែលមានចំងាយពីភូមិស្រែពពេលប្រមាណ ៣គីឡូម៉ែត្រ និងធ្វើសកម្មភាពចាប់រំលោភ៤ដងទៀត នៅលើផ្ទះជីតារបស់ក្មេងស្រីរងគ្រោះ និងត្រូវជាឪពុកក្មេកជនសង្ស័យរូបនោះផងដែរ។

លោកអនុសេនីយ៍ឯក ទួត ណារ៉ា បានបន្តថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ២០៖៣០នាទី ជនសង្ស័យឈ្មោះ ងួន ម៉ៃ បានឡើងទៅលើផ្ទះឪពុកក្មេកម្ដងទៀត ដែលក្មេងស្រីរងគ្រោះត្រូវជាកូនបង្កើត កំពុងដេកនៅលើផ្ទះនោះ ក្នុងគោលបំណងដើម្បីចាប់រំលោភ តែពេលនោះ ជនរងគ្រោះឃើញឪពុក ក៏មានការភ័យខ្លាច បានរត់ចុះដីទៅប្រាប់ម្ដាយ អំពីដំណើររឿងដែលឪពុកចាប់រំលោភខ្លួនពេលកន្លងមក។

លោកបានបន្ដថា លុះមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ ទើបជនរងគ្រោះ និងបងស្រីបង្កើត បានមកប្ដឹងរាយការណ៍ ដល់ប៉ុស្ដិ៍នគរបាលរដ្ឋសោប។ ក្រោយពេលទទួលបានសេចក្ដីរាយការណ៍មកភ្លាម លោកក៏បានបញ្ជាឲ្យកម្លាំងរបស់លោក ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ងួន ម៉ៃ នោះភ្លាមផងដែរ ដើម្បីយកមកធ្វើការសាកសួរអំពីដំណើររឿងហេតុនៅអធិការដ្ឋានស្រុកព្រែកប្រសព្វ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យរូបនោះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈលើកូនស្រីខ្លួនឯងបង្កើត ទើបតែអាយុ១៥ឆ្នាំបានសម្រេចមែន។ ក្រោយពេលដែលកម្លាំងអធិការស្រុកព្រែកប្រសព្វ ឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងរួចមក បានបញ្ជូនខ្លួនជនសង្ស័យរូបនោះ ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅស្ថាប័នអយ្យាការអមសាលាដំបូងខេត្ត ចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕