(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា លោកព្រមទទួលយកការពិភាក្សា ពីគ្រប់ភាគីទាំងអស់មិនថា អ្នកគាំទ្រ ឬអ្នកប្រឆាំងនោះទេ ប៉ុន្តែលោក នឹងមិនទទួលយកឡើយ ចំពោះការសួរនាំ និងសរសេរឆ្លើយឆ្លងណាមួយក្នុងន័យជេរប្រមាថឡើយ។ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងសន្និសីទកាសែត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ខណៈលោកបានវិញត្រឡប់ពីដំណើរទស្សនកិច្ច នៅប្រទេសកាណាដា និងប្រទេសអាមេរិកជិត៣សប្តាហ៍កន្លងមកនេះ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា « ខ្ញុំស្វាគមន៍បើបងប្អូនមានកង្វល់ យើងរកន្លែងណាអង្គុយស្រួលបួល សមរម្យនិយាយគ្នា បងប្អូនមាន ចម្ងល់អីយើង និយាយគ្នាផឹកកាហ្វេជាមួយគ្នា ប៉ុន្តែបងប្អូនដែលធ្វើបាតុកម្មគាត់ មិនយកជម្រើសហ្នឹងទេ គាត់បានបិទជិតផ្លូវហ្នឹងហើយគឺថា ពីព្រោះពេលបាតុកម្មគឺថាមាន បងប្អូនទៅសួរបាតុករ ថាបងប្អូនចង់មានបាតុកម្មរឿងអីខ្លះ គាត់លើកពីបញ្ហាមួយចំនួន បងប្អូនបានដកទៅដូចជា បញ្ហារឿងព្រំដែន បាតុករម្នាក់ប្រហែលជា អ្នកដឹកនាំបាតុកម្ម ម្នាក់គាត់បាននិយាយថា ខ្ញុំដករឿងហ្នឹងចោល តែខ្ញុំសូមរឿងមួយ គឺមានតែពីរចំណុចទេ ទីមួយដក ហ៊ុន សែន និងហ៊ុន ម៉ាណែតចេញ លក្ខខណ្ឌ របស់គាត់បែបនេះ មិនមែនជាការចចារគ្នា និយាយរកដំណោះស្រាយនោះទេ គឺជាការបិទច្រកទៅហើយ សម្រាប់ខ្ញុំ គឺខ្ញុំនៅតែបើកច្រកជូនប្រជាពលរដ្ឋជានិច្ច។ បងប្អូនដែលមានកង្វល់អាចផ្ញើមក Inbox ខ្ញុំ តែបើInbox មកជេរខ្ញុំអត់ឆ្លើយ តែបើInbox មក ពិភាក្សាសួរនាំ មានហេតុផលខ្ញុំឆ្លើយតប»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋមួយចំនួនតូច បានតវ៉ាប្រឆាំងរូបលោក នៅអំឡុងពេលធ្វើដំណើរទៅ បំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក និងនៅប្រទេសកាណាដា ជិត៣សប្តាហ៍កន្លងមកនេះ។ តែយ៉ាងណា លោក ហ៊ុន ម៉ាណែត បានអះអាងថា លោករីករាយ និងស្វាគមន៍ជានិច្ច ចំពោះការពិភាក្សា តែដាច់ខាតមិនទទួលយកការជេរប្រមាថដោយគ្មានហេតុផលឡើយ៕