(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា សម្តេចការពារកម្ពុជា មិនបណ្តោយឲ្យនរណាមកបំផ្លិចបំផ្លាញសន្តិភាព ធ្វើឲ្យ ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម តទៅទៀតឡើយ ព្រោះសម្តេចបានខិតខំជាមួយប្រជាពលរដ្ឋ ដើម្បីការរីកចម្រើន និងឱកាសលូតលាស់ទាំងអស់គ្នា។ នេះបើយោងតាមការលើកឡើងរបស់សម្តេចតេជោ នៅលើ Facebook នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ បន្ទាប់ពីមានអ្នកនយោបាយមួយចំនួន កំពុងប្រើប្រាស់នយោបាយ ប្រជាភិថុតឆ្កឹះឆ្កៀលមួលបង្កាច់ញុះញុងបំភ្លៃព័ត៌មានថា កម្ពុជាអាក្រក់ខ្លាំងណាស់។ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ចាប់តាំងពីរំដោះប្រទេសបាន ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ សម្តេច បានកសាងប្រទេសដ៏អភ័ព្វមួយនេះ ដែលស្ទើររលត់រលាយដោយសារសង្គ្រាមឲ្យបានងើបស្មើមុខមាត់ ជាមួយបណ្តាប្រទេសនានា។ ពេលនេះ ទីក្រុងភ្នំពេញ ដែលពីមុនជាទីរហោឋាន គឺពេលនេះ បានក្លាយជាទីក្រុងលូតលាស់ ទាំងវិស័យវប្បធម៌ និងពាណិជ្ជកម្មសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើ Facebook របស់សម្តេចនារសៀលថ្ងៃនេះយ៉ាងដូច្នេះថា៖
«នេះជាមោទនភាពរបស់កម្ពុជាដែលមានមេដឹកនាំនិយាយពិត ធ្វើពិត មិនរត់ចោលប្រជាពលរដ្ឋដើម្បីសំងំយកសុខតែខ្លួនឯង។ ច្បាស់ណាស់ នរណា ក៏ចេះនិយាយដែរថា ខ្លួននឹងធ្វើនេះ នឹងធ្វើនោះ ដើម្បីបោកយកការគាំទ្រពីពលរដ្ឋ តែការពិត ពួកគេមិនដែលបានកសាងមានស្នាដៃអ្វីដល់កម្ពុជាឡើយ ក្រៅអំពីធ្វើឲ្យកម្ពុជាបែកបាក់។ បំណងពិតប្រាកដរបស់ពួកគេគឺដើម្បីអំណាចតែមួយ មុខប៉ុណ្ណោះ ដែលកំពុងប្រើប្រាស់នយោបាយប្រជាភិថុត ឆ្កឹះឆ្កៀលមួលបង្កាច់ញុះញុងបំភ្លៃព័ត៌មានថា កម្ពុជាអាក្រក់ខ្លាំងណាស់។ សម្តេចតេជោ ហ៊ុន សែន បានលះបង់កម្លាំងកាយចិត្តអត់ធ្មត់ព្យាយាមបង្រួបង្រួមជាតិ និងលើកកម្ពស់វប្បធម៌ សន្ទនាតែម្ខាងទៀតគ្មានភាពស្មោះត្រង់ ដែលសកម្មភាពពួកគេ បានឆ្លុះបញ្ចាំងនូវនយោបាយទុច្ចរិតនាំមកអន្តរាយដល់សង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន មិនបណ្តោយឲ្យនរណាមកបំផ្លិចបំផ្លាញសន្តិភាព ធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើង សង្រ្គាមតទៅទៀតឡើយ។ សម្តេចតេជោ ខិតខំជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីការរីកចម្រើន និងឱកាសលូត លាស់ទាំងអស់គ្នា»៕