(ភ្នំពេញ)៖ លោក Kummaru Yuji ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយបាននឹងកំពុងរៀបចំរោងចក្រច្នៃខ្ញី នៅខេត្តពោធិ៍សាត់ ដើម្បីនាំចេញទៅប្រទេសជប៉ុន ។
ការថ្លែងរបស់លោកឯកអគ្គរាជទូតយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសមជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦។
ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត ក៏បានជម្រាបជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពីការចូលរួមថ្មីរបស់ក្រុមហ៊ុនជប៉ុន នៅក្នុងទីផ្សាររបស់កម្ពុជា ។ ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយ ដែលកំពុងតែប្រតិបត្តិការ ក្នុងខេត្តពោធិ៍សាត់ ដែលបានរៀបចំជារោងចក្រកែឆ្នៃ ខ្ញីមួយ ដើម្បីនាំចេញផលិតផលសម្រេច ទៅប្រទេសជប៉ុន ។ រោងចក្រនេះ មានទ្រង់ទ្រាយតូចប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនក៏មានបំណងពង្រីកបន្ថែមទៀតដែរ ។
ឯកអគ្គរាជទូត ក៏បានយកឱកាសនេះ ជម្រាបជូន លោករដ្ឋមន្ត្រី អំពីកិច្ចប្រជុំពិភាក្សា ដែលមានចំនួន២ដងក្នុងមួយឆ្នាំ រវាងក្រុមហ៊ុនជប៉ុន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរួមរវាង លោកផ្ទាល់និង លោក សុខ ចិន្ដាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បញ្ហាដែលបានលើកមកពិភាក្សា នៅពេលនោះរួមមាន ការបារម្ភចំពោះការធ្វើ បាតុកម្ម ការឡើងតម្លៃភ្លើងអគ្គិសនី និងបណ្ដាញភ្លើងអគ្គិសនី ភាពយឺតយ៉ាវក្នុង ការទទួលសង VAT ការសម្រួលចំពោះការត្រួតពិនិត្យ របស់កាំកុងត្រូល ការលួចរត់ពន្ធដែកថែប និងកិច្ចសម្រួលដល់សមភាពក្នុងការប្រកបធុរកិច្ច ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនឲ្យបានកាន់តែច្រើន។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានសម្តែងក្តីរីករាយ ដែលក្រុមហ៊ុនជប៉ុនមានចំណាប់អារម្មណ៍ច្រើនមកលើកម្ពុជា ព្រមទាំងឆ្លុះបញ្ជាក់ពីកំណើន នៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងការវិនិយោគ បរទេសដោយផ្ទាល់ (FDI) ។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីទំនាក់ទំនងថ្មីៗ និងការងារត្រូវធ្វើបន្តទៅមុខទៀតរវាង កម្ពុជា-ជប៉ុន ដូចជាការ ហោះហើរដោយផ្ទាល់ របស់ក្រុមហ៊ុន All Nippon Airways (ANA) មកកម្ពុជា ដែលជម្រុញ ដល់វិស័យទេសចរណ៍ និងបង្ហាញកម្ពុជាទៅក្រុមហ៊ុនជប៉ុន បន្ថែមទៀត។ ជាមួយនោះដែរ ការរៀបចំសួនបច្ចេកវិទ្យា (Techno-Park) នៅទីក្រុងប៉ោយបែត និងការបង្កើតរោងចក្រ Toyota ក្រោមគំនិតផ្តួចផ្ដើម Thai-plus-One អាចបង្កើតឲ្យ មានការងារច្រើន ព្រមទាំងការផ្ទេរបច្ចេកវិទ្យាថ្មី មកក្នុងវិស័យឧស្សាហកម្ម នៅកម្ពុជា ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែរៀបចំច្បាប់ថ្មីៗ ដូចជាច្បាប់លើការប្រកួតប្រជែង សុវត្តិភាពចំណីអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ ព្រមទាំងរៀបចំដំណោះស្រាយរួចជាស្រេច ដើម្បីយកទៅដោះស្រាយ បញ្ហាទាំងឡាយ ដែលបានលើកឡើង ។ បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម ក៏កំពុងត្រៀតរៀបចំតភ្ជាប់ប្រព័ន្ធ ចុះបញ្ជីពាណិជ្ជកម្ម ជាមួយប្រព័ន្ធពន្ធដារ ដើម្បីសម្រួលដល់ការប្រមូលពន្ធ៕