(ភ្នំពេញ)៖ គម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤ ស្ថិតនៅផ្លូវប្រសព្វរវាង មហាវិថី សហព័ន្ធរុស្ស៊ី និងវិថីសម្តេចចៅហ្វាវាំង គង់ សំ អុល (ផ្លូវ២០០៤) គ្រោងនឹងស្ថាបនា ចាប់ពីខែមីនា ឆ្នាំ២០២២នេះហើយ។ ស្ពាននេះ គ្រោងប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួនជាង ១៤ខែ ពោលគឺនឹងស្ថាបនាឱ្យបានរួចរាល់ នៅមុនដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣។
ដំណឹងនេះត្រូវបានបង្ហាញឡើង នៅក្នុងកិច្ចប្រជុំមួយ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោករដ្ឋលេខាធិការ នៃរដ្ឋលេខាធិដ្ឋានអាកាសចរស៉ីវិល តំណាងក្រុមហ៊ុន OCIC និងមន្ត្រីជំនាញមួយចំនួនទៀត។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីគម្រោងនៃការសាងសង់ស្ពានអាកាសនេះថា គម្រោងស្ពានអាកាសផ្លូវ២០០៤ នឹងចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០២២ខាងមុខ ដោយប្រើប្រាស់រយៈពេល ជាង១៤ខែ ហើយក្នុងរយៈពេលនេះ រហូតដល់ខែមីនា ក្រុមជំនាញ នឹងធ្វើការសិក្សាពីផ្លូវវាង នឹងធ្វើការសិក្សាពីផលប៉ះពាល់មួយចំនួន។ ស្ពាននេះនឹងធ្វើឡើង ស្របពីលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គ្របពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១។
គម្រោងស្ពានអាកាសផ្លូវ២០០៤នេះ មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥.៨ ម៉ែត្រ កំពស់តួស្ពាន ត្រង់ចំណុចកណ្ដាល ៥.០-៥.៥ម៉ែត្រ។
លោក ឃួង ស្រេង លើកឡើងថា ស្ពានអាកាសថ្មីនេះ នឹងធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីឲ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក មានន័យថា ធ្វើឱ្យបានរួចរាល់នៅ មុនដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការបង្កើតនូវគម្រោងទី១ នៃការកសាងស្ពានអាកាសបនៅចំណុចខាងលើនេះ លោក ឃួង ស្រេង នៅតែជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសហការជាមួយនឹងក្រុមហ៊ុន OCIC សិក្សាពីការសាងសង់ផ្លូវក្រោមដី នៅចំណុចស្ពាននេះបន្ថែមទៀត ឲ្យបានលឿនផងដែរ ថាតើមានផលប៉ះពាល់ទំហំប៉ុណ្ណា ហើយគ្រោងនឹងចំណាយថវិកាប៉ុន្មាន នៃផលប៉ះពាល់នេះ ដើម្បីអាចដោះស្រាយការស្ទះចរាចរណ៍ នៅតំបន់នេះបានយូរអង្វែង។
លោក ឃួង ស្រេង បន្តថា ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ក្រោយពីមានការដាក់ឲ្យដំណើរការនោះ លំហូរសារាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នឹងមកកកស្ទះចរាចរនៅផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចស្តុបផ្សារស៉ិនជូរីផ្លាហ្សានេះ៕