(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ។
កិច្ចប្រជុំនេះបានធ្វឡើងក្រោមអធិបតីភាពលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្ថាប័នតុលាការ នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធានច្រកចេញចូលតែមួយសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួន។
ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈមួយចំនួន ដោយបានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ រួមមាន៖ សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, សេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត, សេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត, សេចក្តីព្រាងគម្រោងប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីរាជការប្រចាំឆ្នាំ២០២១ និងបញ្ហាផ្សេងៗ។
លោក សេង ជ័យវុធ នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងកំណត់ហេតុជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សា រួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រម២៥ លើ២៥សម្លេង។
នាឱកាសនោះប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានថ្លែងថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ព្រមទាំងបានបង្ហាញ និងណែនាំចំណុចល្អៗបន្ថែមមួយចំនួនទៀត ទុកជាបទពិសោធន៍ការងារដល់សមាជិកសមាជិកាក្នុងអង្គប្រជុំផងដែរ។
ជាមួយគ្នានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសលោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញឱ្យការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។
លោកបណ្ឌិតអភិបាលខេត្ត ក៏បានជំរុញឱ្យមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ត្រូវសហការជាមួយក្រុមបច្ចេកទេសរៀបចំឯកសាររបាយការណ៍ឱ្យបានរួចរាល់ត្រឹមត្រូវមានន័យគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនអង្គប្រជុំក្នុងការពិនិត្យសម្រេច ទាំងប្រជុំសាមញ្ញ និងវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត។
ជាពិសេសខណៈពេលដែលវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ដែលបានឆ្លងចូលសហគមន៍ថ្មីៗនេះ ដែលជាប្រការដ៏គួរឱ្យព្រួយបារម្ភ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវ និងក្រើនរំឮកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ សូមការពារខ្លួន និងបន្តណែនាំដាស់តឿននៅតាមទីកន្លែងបំពេញការងារ ក៏ដូចជាមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ រួមគ្នាបន្តអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល «៣កុំ និង៣ការពារ» ដើម្បីខ្លួនយើង គ្រួសារយើង សហគមន៍យើង និងប្រទេសកម្ពុជាយើងទាំងមូល ជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕