(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានរំលឹកជាថ្មីម្ដងទៀតឱ្យអាជ្ញាធរជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ ឱ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដូសទី៣ (ដូសជុំរុញ) និងដូសទី៤ ក្រោយពីក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍ លើបុរសជនជាតិខ្មែរម្នាក់អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។
ការរំលឹករបស់លោក ឯក ឃុនដឿន ធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដោយមានការចូលរួមពីគណៈអភិបាល គណៈនាយក ប្រធានការិយាល័យពាក់ព័ន្ធ និងអស់លោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រងសង្កាត់ទាំង៧ ស្ដីពីការជំរុញ ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ និងពង្រឹងការឆ្លើយតបទៅនឹងការវិវត្តន៍ថ្មី នៃមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក្រោមរបៀបវារ:ចំនួន៣ រួមមាន៖
*ទី១៖ គ្រប់សង្កាត់ចេញគ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយពីវិធានការ «៣កុំ និង៣ការពារ»
*ទី២៖ ផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល តាមទីប្រជុំជនផ្សារ សាលារៀន ផ្ទះជួល
*ទី៣៖ បញ្ហាផ្សេង។
លោក ឯក ឃុនដឿន បានជម្រាបដល់បងប្អូមប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, សំបុត្រកំណើត ឬអត្តសញ្ញាណ្ណប័ណ្ណ សញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១។
បន្ថែមពីនេះ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវប្រកាន់ភ្ជាប់ឱ្យបានជាដាច់ខាតនូវការតក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរហើយត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕