(សហរដ្ឋអាមេរិក)៖ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក បានដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាសរុបចំនួន៧០នាក់នៅរដ្ឋនីវ៉ាដានេះ ប្រារព្ធពិធីខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២២)។

ការប្រារព្ធពិធីនេះធ្វើឡើងនាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ហេង ទ្រី ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋនីវ៉ាដា លោក សុខិណា ហ៊ុច ប្រធានកិត្តិយសគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋនីវ៉ាដា សហការជាមួយក្រុមការងារយុវជនគណបក្សប្រជាជនប្រចាំរដ្ឋនីវ៉ាដា ដឹកនាំដោយលោក ថាច់ សេរីវុធ និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ទទួលបន្ទុករដ្ឋនីវ៉ាដា ក្នុងតំបន់ឆ្នេរខាងលិច។

កម្មវិធីខាងលើនេះត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋានរបស់លោក ផាត ភិរក្ស និងលោកស្រី ផាត វី សមាជិកសកម្មនៃគណបក្សប្រជាជនកម្ពុជានៅទីក្រុងឡាសវេហ្គាស រដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក។

នាឱកាសនោះដែរ ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋនីវ៉ាដាក៏បានអានសារលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបទី៤៣ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២២។

ក្នុងអង្គពិធីក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានរំដោះប្រជាជនកម្ពុជាទាំងមូលឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបពួកគាត់មានលទ្ធភាព និងឱកាសមករស់នៅលើទឹកដីសហរដ្ឋអាមេរិកនេះបាន។

ពិសេសជាងនេះទៀត សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់បានគាំទ្រពេញយ៉ាងទំហឹងចំពោះលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគតផងដែរ៕