(ភ្នំពេញ)៖ រដ្ឋាភិបាលអាមេរិក បានសម្រេចផ្តល់ជំនួយនូវថវិកាចំនួន ២០លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីគាំទ្រដល់គម្រោងការពារ និងអភិរក្សព្រៃឡង់។
យោងតាម Facebook Page របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្ដល់ថវិកា២០លានដុល្លារ ដើម្បីការពារ និង អភិរក្សធនធានធម្មជាតិ ដ៏សម្បូរបែបរបស់កម្ពុជា និងជីវចម្រុះតែមួយ ដែលគម្រោងជំនួយឥតសំណងនេះ ត្រូវបានផ្ដល់ឱ្យតាមរយៈ គម្រោងគាំទ្រព្រៃឈើ និង ជីវចម្រុះ នៃទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលហៅកាត់ថា USAID ហើយត្រូវបានអនុវត្ត ដោយអង្គការ Winrock អន្តរជាតិ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ទីភ្នាក់ងារ USAID និងដៃគូរបស់ខ្លួន ធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងស្ថានប័ន ថ្នាក់មូលដ្ឋាន និងសហគមន៍ក្នុងការជួយការពារតំបន់នានានៅជុំវិញនោះ ព្រៃសហគមន៍ និងអប់រំដល់ សាធារណជនអំពីសារៈសំខាន់ នៃការអភិរក្សធនធានព្រៃឈើ។
ព្រៃឡង់ ស្ថិតនៅភាគខាងលិចនៃទន្លេមេគង្គដែលលាតសន្ធឹងលើខេត្ដចំនួន ៤រួមាន ក្រចេះកំពង់ធំ ស្ទឹងត្រែងនិងព្រះវិហារ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ឆាប់ៗខាងមុខនេះ នឹងចុះបញ្ជីតំបន់ព្រៃចំនួនប្រាំកន្លែង ដែលមានផ្ទៃដីសរុប៩៥០,០០០ហិកតា នៅក្នុងប្រទេស ទៅជាតំបន់អភិរក្សព្រៃឈើ។
លោក សាយ សំអាល់ បានថ្លែងឲ្យដឹងថា តំបន់ព្រៃអភិរក្សថ្មីៗចំនួនប្រាំកន្លែងនោះ គឺមានដូចជា តំបន់ព្រៃឡង់ដែលស្ថិតនៅក្នុងខេត្ត កំពង់ធំ ក្រចេះ ស្ទឹងត្រែង, ព្រៃក្រវ៉ាន់ខាងត្បូងនៃខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ, ព្រៃរកានៅក្នុងខេត្តព្រះវិហារ, ព្រៃសៀមប៉ាងខាងលិច នៃខេត្តស្ទឹងត្រែង និង ព្រៃវ៉ឺនសៃ នៃខេត្តស្ទឹងត្រែង និងរតនៈគីរី៕