(កែប)៖ ផ្លូវបេតុងមួយខ្សែប្រវែង១.២៥០ម៉ែត្រ នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការហើយ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចូលរួមពីលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ អអភិបាលខេត្តកែប ព្រមទាំងប្រតិភូអមដំណើរ សមាជិក សមាជិការក្រុមប្រឹក្សាក្រុងខេត្ត ជួរថ្នាក់ដឹកនាំមន្ត្រី នៃស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនផងដែរ។

លោក សោម ពិសិដ្ឋ បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែដែលត្រូវកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានប្រវែងសរុប១.២៥០ម៉ែត្រ, ទទឹង១០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ៣៣A ទៅកាន់ផ្លូវជាតិលេខ៣៣។

លោកបញ្ជក់ថា ខេត្តកែបបច្ចុប្បន្ននេះពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តកែបបាន និងកំពុងប្រឹងប្រែងកសាងជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីដ្ឋានទេសចរណ៍ តំបន់ឆ្នេរ ឲ្យកាន់តែមានភាពស្រស់ត្រកាល និងអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកសម្រាកលំហែរកំសាន្ត នៅតំបន់ឆ្នេរសមុទ្រខេត្តកែប កាន់តែមាន សន្ទុះច្រើនឡើងៗទៅអនាគត។ ពិសេសពេលនេះ ផ្លូវបេតុងថ្មីនេះ នឹងបំពេញតម្រូវការមមារញឹក ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជាភ្ញៀវទេសចរមកពីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ អាចធ្វើដំណើរកាត់ត្រង់ទៅលេងឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារតាមផ្លូវនេះ បានយ៉ាងងាយស្រួល។

ក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែ គិតគូរ ដល់សុខទុក្ខការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង។

ជាក់ស្តែងថ្ងៃនេះ ក្រោមដំបូលនៃសុខសន្តិភាព ចំពោះខេត្តកែបទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ពិសេសការពង្រីកហេដ្ឋារចនាសម្ពន្ធ ជាប្រយោជន៍សម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានភាពងាយស្រួសដល់ការ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្ស និងជួយសម្រួលការចរាចរកសិផលផលនេសាទ របស់បងប្អូនប្រជាពលរដ្ឋ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ កាន់តែឆាបរហ័ស។
លោកទេសរដ្ឋមន្ត្រី បន្តថា ទោះយ៉ាងណា សមិទ្ធផលទាំងនេះពុំទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ យើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសអោយកាន់តែមានការរីកចំរើនជឿនលឿនទៅមុខ។ ដូច្នេះយើងត្រូវតែរួមគ្នា រក្សាការពារនូវសុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ កុំជឿការញុះញង់ បង្កអសន្តិសុខ និងអនាធិបតេយ្យក្នុងសង្គមជាតិ។

ទន្ទឹមនេះ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ព្រមទាំងទៅទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ដែលកំពុងបំប្លែងខ្លួនថ្មី «អូមីក្រុង»