(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានអង្គការសហព័ន្ធសន្តិភាពសកល អញ្ជើញឲ្យចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពឧបទ្វីបកូរ៉េ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១២-១៣ ខែកុម្ភៈ ខាងមុខនេះ ក្នុងប្រទេសកូរ៉េខាងត្បូង។ ជាការឆ្លើយតបនឹងការអញ្ជើញនេះ សម្តេចតេជោ ហ៊ុន សែន បានឯកភាពក្នុងការចូលរួមផ្ទាល់ផងដែរ។ នេះបើតាម លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។
ការអញ្ជើញសម្តេចតេជោ ចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់នេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុន យុងហូ អគ្គនាយកនៃអង្គការសហព័ន្ធសន្តិភាពសកល តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។
លោក កៅ គឹមហួន បានអះអាងថា សម្តេចតេជោ ហ៊ុន សែន គឺជាសហប្រធាននៃគណៈកម្មការរៀប ចំនៃកិច្ចប្រជុំនេះ ជាមួយលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ដោយក្នុងជំនួបនេះ លោកបណ្ឌិត យុន យុងហូ បានរាយការណ៍ជូនសម្តេចអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំនេះ ដោយលោកលើកឡើងថា នៅពេលនេះគឺអ្វីៗត្រូវបានត្រៀមគ្រប់លក្ខណៈអស់ហើយ ជាពិសេសកិច្ចប្រជុំនេះ នឹងមានការចូលរួមពីភាគីជាច្រើនទាំងនៅក្នុងប្រទេសកូរ៉េ និងជុំវិញពិភពលោក។ ក្រៅពីនោះទៀត ក៏មានការចូលរួមពីបណ្តាញផ្សព្វផ្សាយប្រមាណ៣៥០០ស្ថាប័នផងដែរ។
លោកបណ្ឌិតអគ្គនាយក បានរាយការណ៍ថា កិច្ចប្រជុំនេះនឹងមានការចូលរួមពីតំណាង១៥៧ប្រទេស ដែលមានស្ថានទូតប្រចាំនៅកូរ៉េជើង និងកូរ៉េខាងត្បូង ហើយប្រជាជនជាច្រើននៅជុំវិញពិភពលោក នឹងចូលរួមតាមប្រព័ន្ធអនឡាញ។ លោកបានស្នើសុំ លោកស្រី ឃួន សុដារី ចូលរួមជាសហប្រធានក្នុងគណៈកម្មការប្រតិបត្តិការ ហើយសម្តេចបានឯកភាពតាមការស្នើសុំនេះ។
លោកបានរាយការណ៍ជូនសម្តេចអំពីការត្រៀមមេដាយសន្តិភាពសហប្រធានផងដែរ។ លោកបានលើកឡើងថា មានឥស្សរជនជុំវិញពិភពលោកជាង២០ម៉ឺននាក់ នឹងចូលរួមផ្ទាល់ និងតាមអនឡាញ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់មួយចំនួនពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ស្តីពីឧបទ្វីបកូរ៉េ។ ក្នុងន័យនេះ សម្តេចបានគូសបញ្ជាក់អំពីទស្សនទានរបស់អាស៊ាន ស្តីពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសម្តេចលើកឡើងថា គោលការណ៍៣ចំណុច គួរតែត្រូវមាន គឺទី១៖ ត្រូវតែមានគោលដៅគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍ ទី២៖ មិនត្រូវប្រឆាំងនឹងប្រទេសណាមួយ និងទី៣ គឺគាំទ្រដល់មជ្ឈភាពរបស់អាស៊ាន៕