(ភ្នំពេញ)៖ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងសមាគមនារី ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ ឫស្សីកែវ និងជាអនុប្រធានគណៈកម្មាធិការ អនុសាខាខណ្ឌ រួមទាំង លោកស្រី អាន ផល្លា ប្រធានសមាគមនារី និងអនុប្រធានសមាគម លោកស្រី លីរ៉ូហ្សាមី បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជា រួមទាំង អំណោយសមាគមនារី ទៅប្រគល់ជូនដល់បងប្អូនជាកម្មករ កម្មការនីរោងចក្រ និងប្រជាពលរដ្ឋដែរស្នាក់នៅ តាមផ្ទះជួលចំនួន១០០គ្រួសារ ក្នុងទីតាំងផ្សេងគ្នា ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ
ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលរវាងមន្ត្រី និងប្រជាពលរដ្ឋមូលដ្ឋាន។
ក្នុងនោះដែរ លោកអភិបាលក៏បាននាំយកអំណោយមនុស្សធម៌ ដែលបានចែកជូនក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ៥គីឡូក្រាម ទឹកស៊ីអ៉ីវ១ដប ទឹកត្រី១ដប មី៤កញ្ចប់ ស្ករស១គីឡូក្រាម ក្រមា១ និងក្រណាត់អាវ១ដុំ របស់សមាគមនារីខណ្ឌ។
ក្នុងឱកាសនោះដែរលោក ជា ពិសី អភិបាលខណ្ឌ លោកស្រីប្រធាន និងលោកស្រីអនុប្រធានសមាគមនារី បានលើកឡើងពីការ យកចិត្តទុកដាក់ គិតគូរខ្ពស់ ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង នៅតាមមូលដ្ឋានពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់និងជាពិសេស លោកអនុប្រធានគណៈកម្មាធិការ ក៏ក្រើនរលឹកដល់បងប្អូនទាំងអស់ សូមប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះ គ្រោះអគ្គិភ័យ និងបើកបរ ត្រូវគោរពសិទ្ឋិគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋមូលដ្ឋានក៏ សូមថ្លែងនូវការអរគុណដល់លោក អភិបាលដែលតែងតែ មិនបានភ្លេចរាល់ការខ្វះខាត និងសំណូមពរ របស់ពួកគាត់៕