(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានចេញសារាចរណែនាំថ្មីមួយ ដោយដាក់ចេញនូវការងារអាទិភាពចំនួន៤ ជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។ នេះបើតាមសារាចរណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសារាចរណែនាំ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខណៈដែលប្រទេសជាតិ ត្រូវបើកដំណើរការពេញលេញឡើងវិញ លើគ្រប់វិស័យ ហើយស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ស្ថិតក្នុងសភាពធូរស្រាល និងអាចគ្រប់គ្រងវិញបាន រាជរដ្ឋាភិបាលពិនិត្យឃើញថា ប្រជាជនមួយចំនួននៅតែមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញនៅឡើយ និងចំនួនប្រជាជន ដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ នៅមានចំនួនតិចតួចនៅឡើយ បើធៀបទៅនឹងចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចហើយ ទន្ទឹមនេះប្រជាជនមួយចំនួនហាក់បាន និងកំពុងមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេស វិធានការ «៣កុំ ៣ការពារ» ដែលអាចជាកត្តាប្រឈមនឹងការផ្ទុះឆ្លងរាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាថ្មីម្តងទៀត។ ទន្ទឹមនេះ, កម្ពុជាក៏បានចាប់ផ្តើមរកឃើញជាបន្តបន្ទាប់ នូវវត្តមានមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ក្នុងសហគមន៍ផងដែរ។
ផ្អែកលើបរិបទខាងលើនេះ ជាពិសេសដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងក្នុងសហគមន៍, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ព្រមទាំងប្រជាជនទូទៅដូចខាងក្រោម៖
ទី១៖ គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត្រ គន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតក្រោម
សមត្ថកិច្ចរបស់ខ្លួន ឱ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឱ្យបាននូវភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមក ពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
ទី២៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យរបស់ខ្លួន លើវឌ្ឍនភាពនៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃទាំងសម្រាប់ក្របខណ្ឌរាជធានី-ខេត្តនីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេសការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យត្រូវទៅនឹងស្ថានភាព ជាក់ស្តែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី-ខេត្ត។
ទី៣៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយបន្ថែមទៀតអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឱ្យប្រជាជនមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
ទី៤៖ គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការ «៣កុំ ៣ការពារ» និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាពិសេស ការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យជាប់ជាប្រចាំ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យគ្រប់ក្រសួង-ស្ថាប័ន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវសារាចរណែនាំថ្មីនេះ៕
ដែលជាការបំបែកកំណត់ត្រាចាស់ កាលពីខែមករា ឆ្នាំ២០២១ ដែលមានចំនួន ១៣២,០៥១នាក់។ អំលុងពេល ៣សប្តាហ៍ចុងក្រោយនេះ គេបានមើលឃើញអត្រាកំណើននៃអ្នកឆ្លងគុណនឹង ៣ ទៅហើយ ដោយសារតែឥទ្ធិពលនៃមេរោគបំប្លែងថ្មី Omicron។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥១៩លានដូស ក្នុងនោះប្រជាជន ២៤៦.៨១លាននាក់ (៧៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៦.០៤លាននាក់ (៦២.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៥.២៣លាននាក់ (២២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕