(ភ្នំពេញ)៖ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅបញ្ជូនទៅជំនុះជម្រះផ្ទាល់ ដោយបញ្ជាឲ្យ លោក សម រង្ស៊ី ចូលទៅបង្ហាញខ្លួននៅសវនាការ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់លោក គី តិច ជាមេធាវីតំណាង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយបានប្តឹងលោក សម រង្ស៊ី ពីបទផ្សព្វផ្សាយ «បរិហាកេរ្តិ៍ជាសាធារណៈ» នៅលើ Facebook ឈ្មោះ Sam Rainsy (សម រង្ស៊ី) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
នៅក្នុងលិខិតដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃនេះ បានឲ្យដឹងថា បញ្ជាឲ្យលោក សម រង្ស៊ី ចូលមកបង្ហាញខ្លួននៅក្នុងសាលសវនាការទី៣ ជាន់ទី១ នៃសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង ៨៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា ដីកាកោះហៅនេះ ត្រូវបានលោក ដាំ គឹមហាក់ មានតួនាទីជាសន្តិសុខ នៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់អង្រែលើ ទទួលទុកជំនួស នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ៕