(កំពង់ធំ)៖ ករណីឃាតកម្មមួយ បានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោមស្ពានស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបង្កដោយជនល្មើស៣នាក់ បានវាយសម្លាប់ស្រ្តីវិកលចរឹកម្នាក់ ដែលតែងតែផឹកស្រាស្រវឹង ហើយទៅស្រែកជេរឡូឡា ទៅលើពួកគេ។
សពជនរងគ្រោះខាងលើ មានឈ្មោះ ឈាន ធុច អាយុ៤៨ឆ្នាំ មានទីលំនៅភូមិថ្នល់។
លោកឧត្តមសេនីយ៍ ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា សពជនរងគ្រោះដែលអណ្ដែតក្នុងស្ទឹង មានសភាព អាក្រាតកាយ ត្រឹមចង្កេះចុះក្រោម តែគ្មានការចាប់រំលោភទេ វាជាការវាយសម្លាប់ រួចអូសទម្លាក់ទឹកស្ទឹង ដោយសារជនល្មើស ខឹងនឹងជនរងគ្រោះតែងតែស្រវឹងស្រែកឡូឡានៅជិតកន្លែងខ្លួនរស់នៅ ទើបជនល្មើសឈ្មោះ ហេង ធារ៉ា បាននាំគ្នាម្នាក់ទៀតទៅវាយ ជនរងគ្រោះ នឹងដំបង និងបានអូសសាកសពជនរងគ្រោះទម្លាក់ទឹកស្ទឹងសែន ក្រោយពីបានទទួលព័ត៌មាននៃអំពើឃាតកម្មខាងលើនេះ កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវភ្លាមៗ រហូតចាប់ខ្លួនបានជនសង្ស័យទាំង៣នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ ណន ណេង ហៅ ពក អាយុ១៩ឆ្នាំ ទីលំនៅៗភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ទី២-ឈ្មោះ សុខ សីហា អាយុ២៥ឆ្នាំ ទីលំនៅ មិនពិតប្រាកដ និងទី៣មិនបញ្ជាក់ពីអត្តសញ្ញាណនោះទេ។
សម្រាប់ជនសង្ស័យទាំង៣នាក់ ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត៕