(ភ្នំពេញ)៖ តាមរយៈសារសំឡេងមួយ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធររាជធានីខេត្ត និងតាមមូលដ្ឋាននានា ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ដែលកំពុងចាប់ផ្តើមរាតត្បាតក្នុងសហគមន៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ក្នុងស្ថានការណ៍បែបនេះ ត្រូវតែយកចិត្តទុកដាក់ទៅលើវិធានការពារឱ្យបានខ្លាំងក្លាបំផុត នោះគឺការបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីធានាថា សហគមន៍របស់យើងមានភាពរឹងមាំ ជាមួយគ្នានេះខ្ញុំបានចេញបទបញ្ជា ហើយជំរុញល្បឿន នៃការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋរបស់យើង»។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ចំនួន៣៤ករណី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ដោយក្នុងនោះមាន២៤ករណីជាករណីនាំចូល និង១០ករណីជាករណីឆ្លងនៅក្នុងសហគមន៍។
ជាមួយនឹងការជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ ក្នុងការប្រមូលប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជំរុញនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លក្ខខណ្ឌដែលត្រូវទទួលបានដូសទី៣នេះ ត្រូវបានកំណត់របស់ក្រសួងសុខាភិបាល គឺមានរយៈពេល៤ខែ បន្ទាប់ពីទទួលដូសទី២ ដោយសម្តេចបានគូសបញ្ជាក់ថា បើការចាក់ដូសទី២ មិនទាន់បានគ្រប់៤ខែទេ គឺក្រសួងសុខាភិបាល ឬគ្រូពេទ្យ មិនអនុញ្ញាតឱ្យចាក់នោះទេ ព្រោះមិនធានានូវសុវត្ថិភាព។
បើតាមសម្តេចតេជោ, រហូតមកដល់ពេលនេះការចាក់ដូសជំរុញនៅកម្ពុជា មានចំនួនប្រមាណជិត៤លាននាក់ប៉ុណ្ណោះ នៅសល់ប្រមាណ១០លាននាក់ទៀត មិនទាន់ចាក់នៅឡើយ។ សម្តេចបានបន្តក្រើនរំលឹកដល់អភិបាលរាជធានីខេត្ត និងថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ត្រូវខិតខំដើម្បីបំផុសឱ្យប្រជាពលរដ្ឋទទួលវ៉ាក់សាំងដូសជំរុញនេះឱ្យខាងតែបាន ដើម្បីធានាថា ប្រទេសកម្ពុជានៅតែបើកដំណើរការ ទោះបីជាមានការចាប់ផ្តើមមានវត្តមានមេរោគកូវីដ១៩ «អូមីក្រុង» ដែលរហូតមកដល់ពេលនេះមាន១៤ករណី ត្រូវបានរកឃើញឆ្លងចេញពីសហគមន៍ក៏ដោយ។
សូមបញ្ជាក់ថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៦៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០២៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕