(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានចេញសារសំឡេងពិសេសថ្មីមួយទៀត ផ្ញើជូនជនរួមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងវិធានការការពារខ្លួនបន្ថែមទៀត ក្រោយមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ឈ្មោះ «អូមីក្រុង» បានឆ្លងនៅក្នុងសហគមន៍។
តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន៣៤ករណី ដោយក្នុងនោះមាន២៤ករណីជាករណីនាំចូល និង១០ករណីជាករណីឆ្លងចេញពីសហគមន៍។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ក្នុងស្ថានការណ៍បែបនេះ ត្រូវតែយកចិត្តទុកដាក់ទៅលើវិធានការពារឱ្យបានខ្លាំងក្លាបំផុត នោះគឺការបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីធានាថា សហគមន៍របស់យើងមានភាពរឹងមាំ ជាមួយគ្នានេះខ្ញុំបានចេញបទបញ្ជា ហើយជំរុញល្បឿន នៃការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋរបស់យើង»។
សម្តេចបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ ក្នុងការប្រមូលមនុស្សដើម្បីចាក់ដូសជំរុញ ដោយលក្ខខណ្ឌដែលត្រូវទទួលបានដូសទី៣នេះ ត្រូវតែជាលក្ខខណ្ឌដូចដែលក្រសួងសុខាភិបាល បានបញ្ជាក់កន្លងមក គឺមានរយៈពេល៤ខែ បន្ទាប់ពីទទួលដូសទី២ ដោយសម្តេចបានគូសបញ្ជាក់ថា បើការចាក់ដូសទី២ មិនទាន់បាន៤ខែទេ គឺក្រសួងសុខាភិបាល ឬគ្រូពេទ្យ មិនអនុញ្ញាតឱ្យចាក់នោះទេ ព្រោះមិនធានានូវសុវត្ថិភាព។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអភិបាលរាជធានីខេត្ត ថ្នាក់ដឹកនាំតាមមូលដ្ឋាននានា ត្រូវយកចិត្តទុកដាក់ប្រមូលប្រជាពលរដ្ឋ ដែលមិនទាន់ចាក់ដូសជំរុញ ដើម្បីអនុវត្តការចាក់វ៉ាក់សាំងដូសជំរុញនេះជាបន្ទាន់ ព្រោះរហូតមកដល់ពេលនេះការចាក់ដូសជំរុញនៅកម្ពុជា មានចំនួនប្រមាណជិត៤លាននាក់ប៉ុណ្ណោះ នៅសល់ប្រមាណ១០លាននាក់ទៀត មិនទាន់ចាក់នៅឡើយ។
សម្តេចបានបន្តក្រើនរំលឹកដល់អភិបាលរាជធានីខេត្ត និងថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ត្រូវខិតខំដើម្បីបំផុសឱ្យប្រជាពលរដ្ឋទទួលវ៉ាក់សាំងដូសជំរុញនេះឱ្យខាងតែបាន ដើម្បីធានាថា ប្រទេសកម្ពុជា នៅតែបើកដំណើរការ ទោះបីជាមានការចាប់ផ្តើមមានវត្តមានមេរោគកូវីដ១៩ «អូមីក្រុង» ដែលរហូតមកដល់ពេលនេះមាន១៤ករណី ត្រូវបានរកឃើញឆ្លងចេញពីសហគមន៍ក៏ដោយ។
សូមបញ្ជាក់ថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៦៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០២៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ៖ https://t.me/freshnewsasia/81602