(បាត់ដំបង)៖ លោក កែវ រ៉េមី ជាសមាជិក ចុះជួយខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំរកា និងកំពង់ព្រៀង បានលើកយកពីគុណតម្លៃនៃការដឹកនាំប្រទេសកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ១៩។
ការលើកឡើងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពរៀបចំសន្និបាតបូកសរុប លទ្ធផលការងារ៥ឆ្នាំ អាណត្តិទី៤ និងលើកទិសដៅកម្មវិធីនយោបាយអភិវឌ្ឍន៍ ៥ឆ្នាំ ២០២២-២០២៧ របស់គណបក្ស ប្រជាជនកម្ពុជាឃុំរកា និងឃុំកំពង់ពៀង ស្រុកសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ដោយមានសមាសភាពចូលរួមសរុបចំនួន៥០៨នាក់។
នាឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានលើកឡើងថាថ្មីៗនេះរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើសន្និបាតលើកទី៤៣ ដោយសមាជិក សមាជិកា បានសម្រេចជាឯកច្ឆន្ទប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា។ បន្ថែមពីអង្គសន្និបាត បានសម្រេចបោះឆ្នោតជ្រើសរើសអនុប្រធានគណបក្សចំនួន២រូប គឺសម្ដេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកស្រី ម៉ែន សំអន ជាអនុប្រធានគណបក្ស។
នាឱកាសនោះដែរ លោក កែវ រ៉េមី បានថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានភាពល្បីរន្ទឺនៅបរទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ជនជាតិបរទេស ពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា មានការវិវត្តន៍ទៅមុខយ៉ាងខ្លាំងលើផ្នែកជីវភាពជាដើម។ល។
បន្ថែមពីនេះ លោក កែវ រ៉េមី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាអាចគ្រប់គ្រងសភាពការណ៍កូវីដ១៩ បានល្អ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់ខាងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់។
លោកបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោរយ:ពេល ៤៣ឆ្នាំ ក្រោយថ្ងៃ ៧មករា ធ្វើឱ្យប្រទេសជាតិយើង បានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍គាំទ្រសំខាន់ៗ វារីអគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការអប់រំ សុខាភិបាល កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ សេវាសាធារណៈ មានការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរៗ ស័ក្តិសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ (យើងអរគុណ ស្រឡាញ់ និងការពារសន្តិភាពជារៀងរហូត)។
លោក កែវ រ៉េមី បានឱ្យដឹងថា ក្រៅពីកម្រិតនៃភាពក្រីក្រ ដែលជាមូលដ្ឋានសម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភ, ក្រុមការងារ ចំពោះកិច្ច ក៏បានស្នើឱ្យមានការគិតគូរបន្ថែម អំពីកត្តាសមធម៌ ដោយពិនិត្យមើលលើភាពងាយរងគ្រោះរបស់គ្រួសារនីមួយៗ ក្នុងនោះរួមមាន៖ កុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរា ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ព្រមជាមួយនឹងការគិតគូរ បែងចែកតាមតំបន់ (រាជធានី-ទីក្រុង និងជនបទ) ដើម្បីឆ្លើយតប ទៅនឹងភាពខុសគ្នានៃថ្លៃ ទំនិញរវាងតំបន់នីមួយៗ៕