(ភ្នំពេញ)៖ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ដោយធ្វើការអញ្ជើញតំណាងបាតុករ ឬបាតុករ ដែលជាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលកំពុងធ្វើបាតុកម្មទាមទារនៅទីសាធារណៈចូលមកប្រជុំពិភាក្សាអំពីការទាមទាររបស់ខ្លួន។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា យោងលិខិតបំភ្លឺ និងឆ្លើយតបរបស់តំណាងបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែល
បានដាក់ជូនមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប.) សូមអញ្ជើញបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ទាំង៣៥៦នាក់ ដែលមិនទាន់ព្រមទទួលយកការទូទាត់ប្រាក់បំណាច់ផ្តាច់កិច្ចសន្យាការងារ មកប្រជុំចរចារកដំណោះស្រាយ ចាប់ពីថ្ងៃនេះ វេលាម៉ោង ១៤រសៀលតទៅ នៅអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា។
សូមបងប្អូនបាតុករកំពុងធ្វើបាតុកម្មទាំងអស់អាចអញ្ជើញតំណាង បាតុករ ឬមេធាវីរបស់ខ្លួន ដើម្បីចូលមកជួបចរចាខ្លួនបាន។ អគ្គលេខាធិការដ្ឋាន (គ.ក.ប.) នឹងដោះស្រាយជូនបងប្អូនបាតុករទាំងអស់ទៅតាមករណីនីមួយៗ ជាពិសេសរកដំណោះស្រាយសមស្របមួយដែលគ្រប់ភាគីនៃវិវាទអាចទទួលយកបាន ស្របតាមបទប្បញ្ញត្តិច្បាប់ និងផ្អែកលើសមភាព និងសមធម៌។
អគ្គលេខាធិការដ្ឋាន គ.ក.ប. មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា បាតុករទាំងអស់ នឹងមានឆន្ទៈស្មោះត្រង់ក្នុងការ ចូលរួមក្នុងកិច្ចប្រជុំខាងលើ ដើម្បីបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៏ លីមីធីតនេះ៕