(កំពង់ស្ពឺ)៖ ក្នុងពិធីបើកបវេសនការឆ្នាំសិក្សា២០២១-២០២២ នៅសាលាវិទ្យាល័យ ហ៊ុន សែន ឧដុង្គ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សិស្សានុសិស្សថា រៀនហើយរៀនទៀត រៀនមិនចេះចប់ ដើម្បីអភិវឌ្ឍសមត្ថភាពចំណេះ ជំនាញសម្រាប់ក្នុងការចូលរួម អភិវឌ្ឍខ្លួនសម្រាប់សង្គមគ្រួសារ និងសហគមន៍យើង ព្រមទាំងបានចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត។
បន្ទាប់ពីបានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សរួចមក លោកអភិបាលខេត្ត បានដាស់ក្រើនរំលឹកចំពោះសិស្សថា អ្នកចេះគឺប្រឡងជាប់ ខណៈដែលសព្វថ្ងៃនេះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាន់ខ្ជាប់នូវគោលជំហរតឹងរឹងចំពោះការប្រឡង ហើយការជ្រើសរើសមន្ត្រីរាជការ ឬក្របខណ្ឌរដ្ឋ ត្រូវតែមានសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះសូមឲ្យប្អូនៗទាំងអស់ត្រូវ ខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដែលលោកគ្រូ អ្នកគ្រូបានចែករំលែកទៅដល់ប្អូនៗ។
អភិបាលខេត្ត បានបន្ថែមថា ដើម្បីជាកិច្ចតបស្នងចំពោះជាតិមាតុភូមិក្រោមម្លប់សុខសន្តិភាពនេះ ប្អូនៗគ្រប់រូប ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ជាសរសរស្តមរបស់ប្រទេសជាតិ ហើយក៏សូមអំពាវនាវដល់មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួលដល់កូនៗ ចូលរៀនឲ្យបានគ្រប់ៗគ្នា។
បើយោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅទូទាំងខេត្តកំពង់ស្ពឺ មានសាលាមតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យសរុបមានចំនួន៦២៥ សាលា និងសិស្សានុសិស្សចូលរៀនឆ្នាំសិក្សា២០២១ -២០២២ មានរហូតដល់ទៅ ១៦៦,៣៤៣នាក់ ស្រីចំនួន ៨២,៧៦៥ នាក់៕