(ភ្នំពេញ)៖ លោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានសម្រេចដោះលែងជនត្រូវចោទឈ្មោះ យី កុយ បន្ទាប់ពីនគរបាលបានបញ្ជូនខ្លួនជនត្រូវចោទរូបនេះ ទៅឱ្យតុលាការចាត់ការតាមនីតិវិធីច្បាប់។ នេះយោងតាមការបញ្ជាក់របស់សមត្ថកិច្ចមកភ្នាក់ងារព័ត៌មាន Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។
ជនត្រូវចោទឈ្មោះ យី កុយ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ម្សិលមិញ នៅចំណុចមុខសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនត្រូវចោទឈ្មោះ យី កុយ បានធ្វើឡើងតាមអំណាចដីការបស់លោក ឃុន លាងម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាធនីភ្នំពេញ ក្រោមបទចោទប្រកាន់ «ផ្ដើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ» ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១៤ នៅចំណុចភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជុំវិញការដោះលែងជនត្រូវចោទឈ្មោះ យី កុយ នេះលោកព្រះរាជអាជ្ញាង ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «លោកនៅពុំទាន់ទទួលបានព័ត៌មានស្តីពីការប្តឹងឧទ្ធរណ៍ ពីសំណាក់តំណាងអយ្យការដែលកាន់សំណុំរឿងនេះ លើសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ ដែលដោះលែងជនត្រូវចោទឈ្មោះ យី កុយ នៅឡើយទេ»៕