(សៀមរាប)៖ បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបាន កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយថីរភាព។
ការថ្លែងយ៉ាងដូច្នេះរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដើម្បីជានិមិត្តរូបនៅវិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង ខេត្តសៀមរាប។
នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង មានសិស្សានុសិស្សជួបជុំ ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់ខ្លួន ប្រកបដោយទឹកមុខញញឹម និងសង្ឃឹមក្នុងថ្ងៃថ្មីរបស់ខ្លួន ដែល ប្រព្រឹត្តទៅ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងថា ការអប់រំប្រកបដោយថីរភាព ពិតជាមានសារៈសំខាន់ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។
សូមជម្រាបថា ក្រោម អនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃនៅទូទាំងប្រទេសសគ្រប់គ្រឹៈស្ថានសិក្សាសាធារណៈទាំងអស់ បានរៀបចំអបអរសាទពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ក្នុងមនោសញ្ចេតនា រីករាយកក់ក្ដៅ និងមោទនភាពបំផុត៕