(កំពង់ចាម)៖ ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២១-២០២២ និងទិវាដឹងគុណគ្រូបង្រៀន នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ នៅវិទ្យាល័យសីហនុ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា គ្រូបង្រៀន ជាឪពុកម្តាយទី២ និងជាអ្នកសម្រួចអនាគតរបស់សិស្ស ដែលជាទំពាំងស្នងឬស្សី។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្តាល ក្នុងសាលារៀន ដែលមានគ្រូបង្រៀន ជាឪពុកម្តាយទី២។ ប៉ុន្តែក៏ត្រូវមានកិច្ចសហការពី មាតាបិតាអាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់មាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទៅសិស្ស និស្សិត ឱ្យដើរទៅតាមផ្លូវត្រូវ។
ជាមួយគ្នានេះ យើងក៏ត្រូវទទួលស្គាល់ផងដែរថាការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភពដែលបង្កើតឱ្យមានការប្រព្រឹត្តនូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខផ្សេងៗ។ ដូច្នេះ មាតាបិតា អាណាព្យាបាលសិស្ស ត្រូវជួយគ្រប់គ្រងអប់រំកូនចៅឱ្យពួកគេស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅដ្ឋាន ស្ថិតក្នុងរង្វង់នៃការកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភ័ក្រត្រឹមត្រូវ ដើម្បីកុំឱ្យពួកគេស្ថិតនៅក្នុងក្រុមក្មេងទំនើង ដើរមិនចូលផ្ទះមិនចូល សាលារៀន ហើយបង្កបញ្ហានៅតាមទីធ្លាសាធារណៈឬសាលារៀនជាដើម។
លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រការខាងលើនេះ ជាកង្វល់រួមរបស់គ្រួសារ របស់រាជរដ្ឋាភិបាល និងរបស់សង្គមជាតិទាំងមូល យើងចាំបាច់ត្រូវរួមគ្នាដើម្បីទប់ស្កាត់ និងលុបបំបាត់តាមវិធានការដែលមានរួចមកហើយ គឺទំនាក់ទំនងរវាងសាលារៀន គ្រួសារ និងសង្គមជាតិ។
ទន្ទឹមនេះ មាតាបិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួន ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីជួយពង្រឹងឱ្យកូន-ចៅខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ហើយអាចក្លាយខ្លួនជា «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» ដែលមានចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងមានការអភិវឌ្ឍវិជ្ជាជីវៈជាមូលដ្ឋានសំខាន់បំផុត សម្រាប់ឈានទៅរកការបំពេញបន្ថែមនូវជំនាញ ជាន់ខ្ពស់នានាបន្ថែមទៀត ដើម្បីអនាគតរុងរឿងរបស់ពួកគេ សង្គមគ្រួសារ និងជាតិទាំងមូលផងដែរ៕