(កំពង់ធំ)៖ ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំគោរពវិន័យ ខិតខំរៀនសូត្រដើម្បីក្លាយជាទំពាំង ស្នងប្ញស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ក៏មានការចូលរួមពីលោកតាន់ ប៊ុន ហុង ប្រធាមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ១ពាន់នាក់ ។
លោក ចាន់ តារា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យអប់រំ និងប្រកាសបើក បវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដោយគោរពវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោកបានបន្ថែមថា លោកគ្រូអ្នកគ្រូ ត្រូវតែតាមដានចំពោះសិស្សមួយចំនួនដែលយកម៉ោងសិក្សាទៅដើរលេងខាងក្រៅ និងរាយការណ៍ទៅអាណាព្យាបាល។ ម្យ៉ាងវិញ ទៀតសិស្សានុសិស្សត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយគ្រឿងញៀន អំពើអបាយមុខផ្សេងៗទៀតដែលនាំឲ្យខូចអនាគត ជាពិសេសសត្រូវធ្វើអំពើល្អ ឲ្យបានច្រើនស្តាប់ការណែនាំលោកគ្រូ អ្នកគ្រូ ខិតខំប្រែងសិក្សារៀសូត្រដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អនិងពលរដ្ឋល្អទៅថ្ងៃអានគត។
ចំពោះសាលារៀនទាំងអស់ត្រូវឲ្យដំណើរនៃការរៀន និងបង្រៀនសម្រាប់ឆ្នាំសិក្សាថ្មីនេះប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និងនិរន្តរភាព ដោយត្រូវត្រៀម ឱ្យបានរួចរាល់នូវសម្ភារអនាម័យ ម៉ាស អាល់កុល ដែល សាប៊ូ ឧបករណ៍វាស់ស្ទង់កម្ដៅស្វ័យប្រវត្តិ ការសម្អាតបរិស្ថាន ការកសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព បង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាតនិងកន្លែងលាងសម្អាតដៃបន្ថែមផងដែរ។
លោក តាន់ ប៊ុនហុង បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំក្នុងឆ្នាំសិក្សា២០២០-២០២១ រួមមាន៖ សាលាមត្តេយ្យសិក្សារដ្ឋមានចំនួន ២១០កន្លែង ស្មើ៣១២ថ្នាក់ មានសិស្សសរុប ៩,៦៦៥នាក់ មត្តេយ្យសិក្សាសហគមន៍មាន ១៩៦កន្លែង មាន ១៩៦ថ្នាក់ សិស្សសរុបចំនួន ៤,៧០២នាក់ បឋមសិក្សាមានចំនួន ៤៩៣សាលា មានថ្នាក់សរុបចំនួន ២,៤៨៨ថ្នាក់ សិស្សសរុបចំនួន ៩៩,៨៩៣នាក់ មធ្យមសិក្សាចំនួន ៩២សាលា ក្នុងនោះអនុវិទ្យាល័យចំនួន ៦៧សាលា មានថ្នាក់ ចំនួន ៣៧៤ថ្នាក់ និងវិទ្យាល័យចំនួន ២៥កន្លែង មាន៥៩៩ថ្នាក់ មានសិស្សសរុបចំនួន៤៦,១៣៨នាក់៕