(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន១៥ បណ្តឹង ដែលសុទ្ធសឹងតែជាពាក្យបណ្ដឹងតវ៉ា ដោយឡែកនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបានពាក្យបណ្ដឹងណាមួយឡើយ។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២នេះ គ.ជ.ប បានបញ្ជាក់ថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២១ មាន៣ដំណាក់កាលរួមមាន៖
*ការដាក់ ការទទួលពាក្យបណ្តឹងនៅ កបឃ.ស មានរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការដោះស្រាយពាក្យបណ្តឹងមានរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
*ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ កបឃ.ស និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
*ការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ គ.ជ.ប និងការដោះស្រាយពាក្យបណ្តឹង រយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖