Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពួកអាល់កៃដា ៨០០នាក់ស្លាប់ ក្នុងប្រតិបត្តិការទ័ពអាកាសរបស់អារ៉ាប៊ី សាអូឌីត នៅយ៉េមែន

25-04-2016 15:20

(អារ៉ាប៊ី សាអូឌីត)៖ កងកម្លាំងសម្ព័ន្ធមិត្តអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសថា ខ្លួនបានសម្លាប់សមាជិកនៃបណ្តាញភេរវកម្មអាល់កៃដាជាង ៨០០នាក់ហើយនៅក្នុងប្រទេសយ៉េមែន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការដឹកនាំរបស់រដ្ឋាភិបាលជាប់ឆ្នោត។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។

កងកម្លាំងចំរុះដឹកនាំដោយទ័ពអាកាសរបស់អារ៉ាប៊ី សាអូឌីត បានចេញប្រតិបត្តិការនៅរយៈពេល កន្លងមកនេះ ដោយបានសម្លាប់សមាជិកអាល់កៃដា និងមេដឹកនាំជួរមុខមួយ ចំនួនផងដែរសរុបជាង ៨០០នាក់។ នេះជាលទ្ធផលធំមួយ ដែលអារ៉ាប៊ី សាអូឌីត លើកឡើងថាជាការសម្រួលឲ្យរដ្ឋាភិបាលថ្មី ឡើងកាន់អំណាចដោយស្របច្បាប់ និងអនុញ្ញាតឲ្យក្រុមផ្តល់ជំនួយមនុស្សធម៌
ចូលមកកាន់ប្រទេសអាហ្វ្រិកខាងកើតមួយនេះ ដោយសុវត្ថិភាព។

គួរបញ្ជាក់ថា កងកម្លាំងចំរុះខាងលើនេះ បានចងសម្ព័ន្ធគ្នាកាលពីខែមីនា ឆ្នាំមុនដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមឧទ្ទាម ហួទី ដែលបានចុះចូលនឹងក្រុមអាល់កៃដា និងបានបង្កអស្ថិរភាពយ៉ាងខ្លាំងនៅយ៉េមែន ជាពិសេសពួកគេបានរារាំងដល់ ការឡើងកាន់តំណែងរបស់រដ្ឋាភិបាលថ្មី ដែលបានមកពីការបោះឆ្នោត៕