(ភ្នំពេញ)៖ ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌឬស្សីកែវ ដែលមានតួនាទីចាប់ពីនាយករង នាយករដ្ឋបាល អភិបាលរង ពិសេសអភិបាលខណ្ឌតែម្ដង បានបែងចែកការងារក្នុងការចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ នៅតាមបណ្ដាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា។
ជាក់ស្ដែងលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
ព្រមជាមួយគ្នានេះ លោក ស៊ូ សោគន្ធ លោក លីន ញ៉ក់ លោក ប្រាជ្ញ សីហា និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌទាំង៤រូប ក៏បានអញ្ជើញជាអធិបតីភាពផងដែរ ក្នុងពិធីប្រកាសបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១-២០២២ នៅអនុវិទ្យាល័យទួលសុវណ្ណារាម បឋមសិក្សាឫស្សីកែវ វិទ្យាល័យ និងបឋមសិក្សា ហ៊ុន សែន ចម្រើនជាតិ និងបឋមសិក្សាទួលសង្កែ។
ដោយឡែកលោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ លោក ស្មាស់ រិទ្ធី នាយករងរដ្ឋបាល និងលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាល ក៏បានអញ្ជើញជាអធិបតីភាពផងដែរក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យជាស៉ីមចំរើនរដ្ឋ សាលាបឋមសិក្សាច្រាំងចំរេះ និងបឋមសិក្សាចំរើនរដ្ឋ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានក្រើនរំលឹកឱ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត តាមរយៈការបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវវិធានការ «៣កុំ និង៣ការពារ» ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» បានឆ្លងក្នុងសហគមន៍។
គួរបញ្ជាក់ថា របាយការណ៍បើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ នៃវិទ្យាល័យឫស្សីកែវ រួមមាន៖ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៩២,៥% ក្នុងនោះស្រី ៩៣.៣០% ហើយសម្រាប់និទ្ទេសល្អ ចំនួន៥២នាក់ ស្រី៣៥នាក់ និទ្ទេសល្អបង្គួរ ចំនួន១៩៩នាក់ ស្រី១២៦នាក់ និងនិទ្ទេសមធ្យម ចំនួន២៥៥នាក់ ស្រី១០៥នាក់។
លោកអភិបាលខណ្ឌឫស្សីកែវ បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងប្រកបដោយជោគជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ រហូតឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៌សហគមន៍ ២០កុម្ភៈ នៅមុនពេលលោកឧបត្ថម្ភថវិកាសៀវភៅ ប៊ិច និងបន្ទាត់ផងដែរ ដល់សិស្សមានជីវភាពខ្វះខាត ចំនួន១៥០នាក់ និងបន្តឧបត្ថម្ភដល់សិស្សមានជំងឺ ១០០,០០០រៀលបន្ថែមទៀត បន្ទាប់ពីគណៈគ្រប់គ្រងសាលា ចែកអំណោយលើកទឹកចិត្តដល់សិស្សពូកែជា២០០នាក់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២។
សូមជម្រាបថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ បានប្រកាសអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុង ឆ្លងក្នុងសហគមន៍ លើបុរសជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានឱ្យដឹងផងដែរថា បុរសរូបនេះបានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយនៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលមន្ទីរពេទ្យនោះបានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យ នៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ។
តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បុរសរូបនេះ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្រ្តាលី មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដេលជាបងប្អូនជីដូនមួយ នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានកូវីដ១៩ អូមីក្រុង៕