(រតនគិរី)៖ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំចិន ចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ រដ្ឋបាលស្រុកអូរជុំ បានរៀបចំខ្យូសមានទោង មានទូកកៃយ៉ាស់ សម្រាប់ជិះកម្សាន្តជាដើម ដើម្បីទទួលភ្ញៀវទេសចរណ៍ក្នុងខេត្ត និងមកពីបណ្តាខេត្តផ្សេងទៀតផងដែរ។ នេះជាការបញ្ជាក់ពីលោក ធូ ខឿ អភិបាលស្រុកអូរជុំ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
លោក ធូ ខឿ បានបន្តថា លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានចក្ខុវិស័យចាប់ផ្តើមដំបូងលើការអនាម័យ សោភណ្ឌភាព បរិស្ថាននៅមាត់បឹងវារីអូរជុំ។ ជាក់ស្តែងរូបភាពជាច្រើនសន្លឹកកាលពីចូលឆ្នាំសកល២០២១-២០២២ បង្ហាញពីទេសភាពដ៏ស្រស់ត្រកាល នៃមាត់បឹងវារីអូរជុំ ជាពិសេសនាពេលរាត្រី មើលទៅស្អាតខ្លាំដែលជាគោលដៅទេសចរណ៍ទី២ បន្ទាប់ពីបឹងប្រវត្តិសាស្ត្រយក្សឡោម ស្របពេលនឹងរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញ។
លោក ធូ ខឿ បញ្ជាក់ឲ្យដឹងទៀតថា កន្លងមកភ្ញៀវមកពីបណ្តាខេត្តផ្សេងៗ មិនទាន់ស្គាល់ពោល គឺស្គាល់តែភ្ញៀវក្នុងខេត្តប៉ុណ្ណោះ។
ទោះបីបែបនេះក្តីទៅថ្ងៃខាងមុខ ភ្ញៀវទេសចរណ៍នឹងស្គាល់ទីនេះយ៉ាងច្បាស់ ព្រោះបុណ្យឆ្លងឆ្នាំសកលកន្លងមកនេះ មានភ្ញៀវជាច្រើនរយនាក់មកកម្សាន្តបោះតង់ ដែលមានទីធ្លាធំទូលាយមើលផ្ទៃមេឃ មើលផ្ទៃបឹងធំល្វឹងល្វើយ មានបន្ទប់អនាម័យ មានសន្តិសុខ មានហាងចំនួន៥នៅជុំវិញមាត់បឹង ដែលអាចឲ្យភ្ញៀវកម៉្មង់ម្ហូបអាហារតាមតម្រូវចិត្តផងដែរ។ លោក ធូ ខឿ បន្ថែមឲ្យដឹងទៀតថា បើសិនជាខាងអង្គភាពអគ្គិសនី អនុញ្ញាតក្រុមការងារ នឹងធ្វើផែដើម្បីឲ្យភ្ញៀវអង្គុយលំហែកាយនិងថតរូបភាពជាដើម៕