(ភ្នំពេញ)៖ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ (LOBA) និងសាកលវិទ្យាល័យ អាស៉ីអ៉ី ប្រចាំប្រទេសម៉ាឡេស៉ី (AEU) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានចុះអនុស្សារណៈលើកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ក្នុងវិស័យអប់រំ បណ្តុះបណ្តាល និង ជំនាញផ្សេងៗ ជាពិសេសគឺ វិស័យដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់។
អនុស្សារណៈលើកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពីលោក ជា ចាន់ដារ៉ា ប្រធាន LOBA និងថ្នាក់ដឹកនាំ និងព្រឹទ្ធបុរស របស់ AEU ។
ក្នុងឱកាសនោះ លោក ជា ចាន់ដារ៉ា បានលើកឡើងថា វិស័យអប់រំ គឺជាវិស័យសំខាន់បំផុតដែលមនុស្សទូទាំងពិភពលោកត្រូវការ។ សមាគម និងសមាជិកយើង ពិតជាចង់ទទួលបាននូវការចែករំលែកចំណេះដឹងពីសកលវិទ្យាល័យ ដើម្បីកសាងធនធានមនុស្ស ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសយើង ឱ្យកាន់តែរីកចម្រើនទៅមុខ។
ជាមួយគ្នានេះ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលចំណេះដឹង និងអភិវឌ្ឍន៍ធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីទទួលបានស្តង់ដារគុណភាព ដែលអាចនាំទៅដល់ការនាំចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងសកលលោក។ តាមពិត ម៉ាឡេស៉ីជាសមាជិកនៃសហគមន៍អាស៊ានដូចគ្នា ហើយរាល់ការនាំចេញ និងការនាំចូលត្រូវទទួលបានពន្ធមិនគិតថ្លៃក្នុងតំបន់ ខណៈកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍសម្រាប់ការវិនិយោគ និងសុវត្ថិភាព។
អនុស្សារណៈលើកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានៅថ្ងៃនេះ ក៏នឹងតំណាងឱ្យការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការសម្របសម្រួល លើវិស័យអប់រំ អ្នកវិនិយោគ/សមាជិក ក្នុងការជួប និងផ្លាស់ប្តូរបទពិសោធន៍ ចំនេះដឹងដែលជាតម្រូវការរវាងប្រទេសទាំងពីរ។
«ខ្ញុំទន្ទឹងរង់ចាំសម្រាប់ការអភិវឌ្ឍបន្ថែមទៀត នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនេះ និងស្មារតីនៃការចូលរួមជាមួយ AEU ដើម្បីបង្កើតទំនាក់ទំនងល្អតាមរយៈការបណ្តុះបណ្តាល ដំណើរទស្សនកិច្ច ការផ្គូផ្គងអាជីវកម្ម និងការវិនិយោគ»។ នេះបើតាមលោក ជា ចាន់ដារ៉ា៕