(ពោធិ៍សាត់)៖ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយក្រុមការងារ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងជួបគ្រោះរាំងស្ងួត ក្នុងស្រុកកណ្តៀង និងក្នុងក្រុងពោធិ៍សាត់ ព្រមទាំងបានផ្តល់ថវិកា របស់សម្តេចតេជោចំនួន ៣០លានរៀល ដើម្បីដោះស្រាយគ្រោះរាំងស្ងួត ក្នុងខេត្តពោធិ៍សាត់។
ក្នុងដំណើរចុះពិនិត្យទីតាំងជួយគ្រោះរាំងស្ងួតនាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត លោកអភិបាលរងខេត្ត អស់លោកប្រធានមន្ទីរជំនាញជុំវិញខេត្ត។
លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានថ្លែងថា ស្របពេលដែលប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងជួបគ្រោះរាំងស្ងួតជាពិសេសខ្វះខាត ទឹកសម្រាប់ប្រើប្រាស់ ជាក់ស្តែងក្នុងខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អាទិភាពមុនគេនិងបាន សម្រេចផ្តល់ថវិកា៣០លានរៀន ដល់លោក ម៉ៅ ធនិន អភិបាលខេត្ត សម្រាប់ដោះស្រាយបញ្ហា ប្រឈមទៅតាមលទ្ធភាពជាក់ស្តែង។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ជានិច្ចជាកាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរអំពីសុខទក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស និយាយរួមដោយឡែក នៅខេត្តពោធិ៍សាត់ ដែលមានប្រឈមពីភាពខ្វះខាតទឹក ប្រើប្រាស់ក្នុងគ្រួសារ ដោយសារកម្តៅឡើងខ្លាំង ធ្វើឲ្យតំបន់មួយចំនួនរីងស្ងួត និងគ្មានទឹកប្រើប្រាស់ ដូចជានៅក្នុងឃុំសង្កាត់ស្រុកក្រុងមួយចំនួន នៃខេត្តពោធិ៍សាត់ជាដើម ។
លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចូលរួមថែរក្សាទឹកដែលមានស្រាប់ ឲ្យបានសមស្រម និងសន្សំសំចៃកម្រិតខ្ពស់ក្នុងការប្រើប្រាស់ បើមានទឹកក្នុងស្រះ ប្រឡាយ ឬត្រពាំង...ការពារកុំឲ្យសត្វចូលលុកលុយត្រូវចូលរួមថែរក្សា អនាម័យសុខភាព ជៀសវាងជំងឺដង្កាត់ផ្សេងៗ។
បន្ថែមពីនោះទៀតរាជរដ្ឋាភិបាល និង អាជ្ញាធរខេត្ត បាននឹងកំពុងយកចិត្តទុកដាក់ ចំពោះការស្តារស្រះទឹក ប្រឡាយ ឬត្រពាំង តាមរយៈកម្លាំងពលកម្ម ឬគ្រឿងចក្រ និងជួយប្រជាពលរដ្ឋគ្រប់ពេលវេលា មិនថាយប់ ឬក៏ថ្ងៃឡើយ គឺមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ គ្មានទឹកប្រើប្រាស់ និង គ្មានអង្ករសម្រាប់ទទួលទានឡើយ៕